ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង២០.៤លាននាក់ហើយ

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២០,៤៩២,៩៥៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៧៤៤,១៣៤នាក់ និងជាសះស្បើយឡើងវិញ ១៣,៤១៧,៨១៤នាក់។

គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៥,៣០៣,៦៨១នាក់ ស្លាប់ចំនួន ១៦៧,៥៥០នាក់ និងជាសះស្បើយចំនួន ២,៧៤៩,៨៩៣នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ៣,១១២,៣៩៣នាក់ ស្លាប់ចំនួន ១០៣,០៩៩នាក់ និងជាសះស្បើយ ២,២៤៣,១២៤នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ២,៣២៨,៤០៥នាក់ ស្លាប់ ៤៦,១៨៨នាក់ និងជាសះស្បើយ ១,៦៣៨,១០១នាក់៕