សមាជិកសភាមីយ៉ាន់ម៉ា រាប់រយនាក់ត្រូវបានដាក់នៅក្រោមការឃុំឃាំងបន្ទាប់ពីរដ្ឋប្រហារ

ប្រទេសភូមា: តំណាងរាស្ត្រមួយរូបរបស់ មីយ៉ានម៉ា ​បានឲ្យដឹងថា, លោកនិងតំណាងរាស្ត្រ​​៤០០រូបផ្សេងទៀត ត្រូវកម្លាំងយោធាឃុំនៅក្នុង អគាររដ្ឋ ​នៅរដ្ឋធានី Naypyitaw ។ តំណាងរាស្ត្រទាំងអស់អាចជួបនិយាយគ្នាបាន ប៉ុន្តែមិនអាចចាកចេញពីអគារនោះឡើយ។

សារព័ត៌មាន AP នៅថ្ងៃទី ២ខែ កុម្ភៈ បានផ្សាយថា, គណបក្សសម្ព័ន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យ(NLD)​របស់លោកស្រី អង់សានស៊ូជី ​បានចេញសេចក្តីប្រកាស​អំពាវនាវដល់កម្លាំងយោធាគោរពលទ្ធផលបោះឆ្នោត កាលពីខែវិច្ឆិកាឆ្នាំ​២០២០ ហើយដោះលែងអ្នកនយោបាយទាំងអស់ឲ្យមានសេរីភាព ឡើងវិញ​។ គណបក្ស (NLD)​បានប្រកាសលើបណ្តាញសង្គមហ្វេសប៊ុកថា «មេបញ្ជាការកងទ័ពឡើងកាន់អំណាចដឹកនាំប្រទេសគឺជាការបំពានច្បាប់រដ្ឋធម្មនុញ្ញ។

អ្នកបង្កើតច្បាប់ម្នាក់ បានលើកឡើងថា នៅក្នុងអគាររដ្ឋ កម្លាំងប៉ូលិស បានត្រួតពិនិត្យនៅខាងក្នុង។ ចំណែកកម្លាំងទាហាន យាមល្បាតនៅជុំវិញអគារ​។ តំណាងរាស្ត្រទាំងអស់ អត់បានដេកឡើយពេញមួយយប់ ដោយបារម្ភ​ខ្លាចត្រូវចាប់ខ្លួន ។ ចំណែកលោកស្រីស៊ូជី មិនត្រូវបានឃុំរួមជាមួយតំណាងរាស្ត្រទាំងអស់នោះឡើយ។
កាលពីព្រឹកថ្ងៃតី ១ខែមករា លោកស្រីអ៊ុងសានស៊ូជី និងប្រធានាធិបតីWin Myint ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ត្រូវបានយោធាចាប់ខ្លួន។ នៅថ្ងៃទី ២ខែកុម្ភៈ កម្លាំងយោធា បានលុបឈ្មោះរដ្ឋមន្ត្រីទាំង​២៤រូប ដោយតែងតាំង​រដ្ឋមន្ត្រីថ្មី​១១រូបដឹកនាំដោយយោធា ៕