ឡានដឹកខ្សាច់ខ្នាតយក្សសម្រុកដឹកចេញពី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ទៅតំបន់ព្រលានយន្តហោះថ្មីកំពុងអង្រួនទ្រូងផ្លូវ និងទ្រូងប្រជាជន អោយគ្រាំគ្រា

ខេត្តកណ្តាល : ក្រុមឡានដឹកខ្សាច់ ចេញពីដេប៉ូ ជាច្រើនកន្លែងនៅក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល បានបង្កភាពភ័យខ្លាចដល់អ្នកធ្វើដំណើរ និង ការបំផ្លាញផ្លូវ ២១បេ និង ផ្លូវលំទៅភ្នំខ្សាក ផងដែរ ។

សិស្សានុសិស្ស រួមនឹងលោកគ្រូ អ្នកគ្រូ នៃ វិទ្យាល័យហ៊ុន សែន ស្អាង បានសំដែងការព្រួយបារម្ភពីបញ្ហាសុខភាព នឹងភ័យខ្លាច ជួបគ្រោះថ្នាក់ចរាចរណ៍ដោយសារក្រុមឡានទាំងនេះ ពិសេសនៅម្តុំផ្សារស្អាងខាងត្បូង ព្រោះ ទីនោះមានភាពតូចចង្អៀត នឹងចតអាណាធិតេយ្យ។

ក្រុមឡានប្រភេទយីឌុប ៥ភ្លៅដឹកខ្សាច់ផ្ទុកពោរពេញ មិនគ្របតង់ នឹងមាន ហូរទឹក ព្រមទាំងខ្សាច់ រាយប៉ាយពេញផ្លូវ ដោយមិនអាសូរទ្រូវផ្លូវ នឹង អ្នកធ្វើដំណើរនោះទេ ។

ប្រភពពីប្រជាពលរដ្ឋបានបង្ហើបថា ចាប់ពីក្រុមនេះ ដាក់សាឡង់បូមខ្សាច់ចេញពីទន្លេ នឹងធ្វើការដឹកជញ្ជូនផង ធ្វើអោយពួកគាត់ដែលមានទីលំនៅ នៅក្បែរច្រាំង មានភិតភ័យ នឹងអ្នករស់នៅអមផ្លូវឡានចេញចូល ក៏ដេកថ្ងៃមិនបានដែរ ពិសេសលំនៅដ្ឋាន កកទៅដោយគ្រាប់ខ្សាច់ ។

ប្រជាជនសំណូមពរ ដល់ចៅហ្វាយខេត្ត នឹងក្រសួងពាក់ព័ន្ធ គួរមានវិធានការតឹងរឹង ចំពោះក្រុមឡានព្យុះសង្ឃរា ទាំងនេះ ទោះថា គេធ្វើដើម្បីអភិវឌ្ឍន៍កន្លែងណា១ ក៏ដោយ ក៏ត្រូវគិតពីទ្រូងផ្លូវ នឹងទ្រូង ប្រជាជនផង ទើបអាចបានសេចក្តីសុខទាំងអស់គ្នា ៕