ស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនាព្រឹត្តិការណ៍ស៊ីហ្គេមនឹងសម្រេចយកផ្លូវការនៅថ្ងៃ ២កក្តដា

ភ្នំពេញ ៖ គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ ហៅកាត់ថា CAMSOC នាព្រឹកថ្ងៃទី២៣ ខែមិថុនា នេះ បានសម្រេចលើការជ្រើសរើសស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា ដែលមានពី ២ទៅ ៣ទម្រង់ ដើម្បីឆ្លងកិច្ចប្រជុំធំរបស់ CAMSOC ដែលគ្រោងនឹងដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ នាថ្ងៃទី២កក្កដា ខាងមុខ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បញ្ជាក់ថា កិច្ចប្រជុំក៏បានពិនិត្យមើលវឌ្ឍនភាពការងារហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ដោយសម្របសម្រួលឲ្យដំណើរការល្អប្រសើរ និងជម្រះបញ្ជីចាស់ ដើម្បីបន្តធ្វើដំណើរតទៅមុខទៀត ប្រកបដោយភាពរលូន។

លោក បញ្ជាក់ទៀតថា ឯកឧត្តម ថោង ខុន ប្រធានអង្គប្រជុំក៏បានលើកឡើងអំពីគណៈកម្មការសម្រប សម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ក្នុងការរៀបចំឡើងវិញក្នុងការបញ្ជូនអត្តពលិកកម្ពុជាចេញទៅហ្វឹកហាត់នៅប្រទេសចិន ដែលនេះឯកឧត្តមចាត់ទុកថា ជាការពន្លឿននៃស្ថានភាពវិបត្តិជំងឺកូវីដ-១៩ កាន់តែល្អប្រសើរ ដើម្បីពង្រឹងគុណភាព បច្ចេកទេសរបស់អត្តពលិកជម្រើសជាតិកម្ពុជា ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។

សូមបញ្ជាក់ថាស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា ២ទៅ៣ដែលបានសម្រេចជ្រើសក្នុងកិច្ចប្រជុំនេះ និងយកទៅឆ្លងសម្តេច ពិជ័យសេនា ទៀ បាញ់ នាថ្ងៃទី២កក្កដា ខាងមុខនេះ ដើម្បីយកប្រើប្រាស់ជានិមិត្តសញ្ញាផ្លូវការនៃព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនាទាំងនោះ ចាប់ផ្តើមប្រាស់ផ្លូវការសម្រាប់ធ្វើការផ្សព្វផ្សាយពីចុងឆ្នាំ២០២០ទៅដល់ស៊ីហ្គេមឆ្នាំ២០២៣៕