សៀវភៅ១លានក្បាលនឹងត្រូវដាក់លក់ក្នុងពិព័រណ៍សៀវភៅដ៏ធំបំផុតលើពិភពលោក នៅភ្នំពេញ

ភ្នំពេញ ៖ សៀវភៅជាភាសាអង់គ្លេសប្រមាណ ១លានក្បាល នឹងដាក់លក់ដោយបញ្ចុះតម្លៃចាប់ពី ៥០ ទៅ ៩០% នៅក្នុងពិព័រណ៍សៀវភៅធំជាងគេបំផុតលើពិភពលោក (Big Bad Wolf Book Sale) ដែលរៀបចំនៅរាជធានីភ្នំពេញ។

ពិព័រណ៍សៀវភៅ Big Bad Wolf Books ដែលមានកំណើត នៅប្រទេសម៉ាឡេស៊ី បានប្រកាស ថា ខ្លួននឹងរៀបចំពិព័រណ៍សៀវភៅធំបំផុតលើពិភពលោក នៅក្នុងប្រទេសកម្ពុជា ជាលើកដំបូង។ ក្នុងរយៈពេលមួយ ទសវត្សរ៍កន្លង មកនេះខ្លួន បានរៀបចំពិព័រណ៍សៀវភៅធំបែបនេះ នៅក្នុងតំបន់មួយចំនួននៅលើពិភពលោក ដូចជា នៅតំបន់អាស៊ីអាគ្នេយ៍,អាស៊ីខាងត្បូង និងមជ្ឈឹមបូព៌ា។

លោកស្រី ចាកគ្លីន អ៊ឹង ជាសហស្ថាបនិក Big Bad Wolf បានឱ្យដឹងនៅក្នុងសន្និសីទសារពត៌ មួយនាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅឯអគារ Raintree ថា អ្នកចូលចិត្ដអានសៀវភៅ នៅទីក្រុងភ្នំពេញ អាចនឹងទទួលបានសៀវភៅ ដែលមានតំលៃសមរម្យ ជាមួយនឹងការបញ្ចុះតំលៃពិសេស នៅក្នុងពិព័រណ៍សៀវភៅនៅភ្នំពេញឆ្នាំ២០២០នេះ។ ពិព័ណ៍សៀវភៅនេះ នឹងបើកឲ្យសាធារណជន ចូលរួមដោយសេរី ក្នុងរយៈពេល១២ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី៩ខែមករា រហូតដល់ថ្ងៃទី២០ខែមករាឆ្នាំ២០២០ ចាប់ពីម៉ោង៩ ព្រឹក ដល់ម៉ោង ១២អធ្រាត្រ នៅ ផ្សាររុងរឿង ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។

ជាមួយនឹងការដាក់តាំងលក់ សៀវភៅភាសាអង់គ្លេសថ្មីៗ ១លានក្បាលនោះ Big Bad Wolf ចង់កសាងវប្បធម៌ នៃការអាននៅកម្ពុជា ដោយនាំមកនូវសៀវភៅភាសាអង់គ្លេសដែលមានតម្លៃសមរម្យសម្រាប់មនុស្សគ្រប់រូប។ សៀវភៅជាច្រើនប្រភេទនឹងត្រូវយកមកដាក់តាំងមានដូចជា៖ សៀវភៅសម្រាប់កុមារ, រឿងប្រឌិត, រឿងពិត, ដែលអនុញ្ញាតឱ្យមនុស្សស្ថិតនៅក្នុងជំនាន់ផ្សេងៗគ្នា អាចស្វែងរកនូវសៀវភៅដែលលក់ដាច់បំផុត,សៀវភៅល្បីៗ,ប្រលោមលោក,រឿងប្រឌិតបែបវិទ្យាសាស្ត្រ, មនោសញ្ចេតនា, សៀវភៅអភិវឌ្ឍខ្លួន, អក្សរសាស្ត្រ, ប្រលោមលោកក្រាហ្វិក, អាជីវកម្ម, ស្ថាបត្យកម្ម និង រចនា, សៀវភៅធ្វើម្ហូប និងសៀវភៅជាច្រើនប្រភេទទៀតនៅក្នុងកម្មវិធីពិព័រណ៍ដ៏ធំនេះ។

សៀវភៅវេទមន្ដ ដែលជាសៀវភៅសម្រាប់កុមារ អាចនឹងក្លាយទៅជាសៀវភៅ ដែលលក់ដាច់បំផុតនៅ ក្នុងពិព័រណ៍សៀវភៅ Big Bad Wolf Book Sale ។ សៀវភៅទាំងនេះ ប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីធ្វើបដិវត្តការអាន សម្រាប់មនុស្សជំនាន់ក្រោយ ដែលអនុញ្ញាតឱ្យកុមាររៀន និង អានទាំងអស់គ្នា ក្នុងពេលតែមួយជាមួយគ្នា។ មាតាបិតា និង អាណាព្យាបាល អាចស្វែងរកសៀវភៅបែបនេះ ដែលមានចំនួន ១៤ ចំណងជើង នៅក្នុងពិព័រណ៍នេះ។
លោក អ៊ុក ចាន់ដារ៉ា អ្នកនាំពាក្យរបស់ Big Bad Wolf Sale នាទីក្រុងភ្នំពេញ មានប្រសាសន៍ថា “ពិព័រណ៍ដ៏ធំនេះ នឹងផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ដើម្បីទទួលបាននូវបទពិសោធន៏ ក្នុងការទិញសៀវភៅ ភាសាអង់គ្លេស ដែលមានគុណភាពល្អនិងថ្មីៗ ក្នុងតម្លៃមួយដ៏សមរម្យ។ វាមានសារៈសំខាន់ណាស់ ក្នុងការរៀនភាសាថ្មីមួយនិងបង្រៀនឱ្យមនុស្សមានទម្លាប់អានតាំងពីក្មេង នោះហើយទើបធ្វើឱ្យក្មេងៗជំនាន់ក្រោយ ធំដឹងក្តីពោរពេញដោយចំណេះដឹង។

សូមជម្រាបថា នៅឆ្នាំ២០១៩ ពិព័រណ៍សៀវភៅនេះ បានរៀបចំធ្វើឡើងនៅក្នុងប្រទេសចំនួន ១០និង ទីក្រុងចំនួន៣២ ក្នុងនោះរួមមាន៖ ប្រទេសម៉ាឡេស៊ី ប្រទេសថៃ ប្រទេសឥណ្ឌូនេស៊ី ប្រទេសស្រីលង្កា ប្រទេសភីលីពីន កោះតៃវ៉ាន់ ប្រទេសកូរ៉េខាងត្បូង ប្រទេសប៉ាគីស្ថាន ប្រទេសមីយ៉ាន់ម៉ា និង សហព័ន្ធអារ៉ាប់រួម ហើយពិព័រណ៍សៀវភៅនេះ នឹងបន្តបេសកម្មរបស់ខ្លួន ដើម្បីជួយដល់ អ្នកអានគ្រប់រូបលើពិភពលោកឱ្យទទួលបានសៀវភៅ អានក្នុងមួយតម្លៃសមរម្យ៕