ការនាំអង្ករកម្ពុជា​ ក្នុងខែសីហា ធ្លាក់ចុះយ៉ាងគំហុកនិងអាចឈានដល់ខែក្រោយទៀត

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើក“កិច្ចប្រជុំពិនិត្យ និងវាយតម្លៃការប្រមូលផលស្រូវដើមដៃ និងការនាំចេញអង្ករ” ក្រោមការដឹកនាំរបស់លោក ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) ដែលដឹកនាំដោយ ឧកញ៉ា ចាន់ សុឃាំង អនុប្រធានសហព័ន្ធ និងជាប្រធានគណកម្មាធិការប្រតិបត្តិ ផ្នែកហិរញ្ញវត្ថុ ព្រមទាំងឧកញ៉ា ភូ ពុយ និងឧកញ៉ា ហ៊ីម ប៉ោហឿង ជា ទីប្រឹក្សាប្រតិបត្តិរបស់សហព័ន្ធ ហើយក៏មានការចូលរួមពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត នៅក្នុងវិស័យស្រូវអង្ករផងដែរ។ 

កិច្ចប្រជុំពិនិត្យ និងវាយតម្លៃការប្រមូលផលស្រូវដើមដៃ និងការនាំចេញអង្ករនេះ ត្រូវបានរៀបចំឡើងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

គួរបញ្ជាក់ផងដែរថា សហព័ន្ធស្រូវអង្ករកម្ពុជាមានការព្រួយបារម្ភលើបញ្ហាមួយចំនួន ដែលសហព័ន្ធក្រោមអាណាព្យាបាលរបស់ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំបន្ទាន់នាទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ពិភាក្សា និងឯកភាពលើសំណូមពរ ដែលបានលើកឡើងនៅក្នុងអង្គប្រជុំ ទាក់ទងនឹងបញ្ហាមួយចំនួនដែលរួមមាន ៖ ១.) បម្រែបម្រួល អាកាសធាតុ ដែលជំរុញអោយមានភាពយឺតយ៉ាវក្នុងការប្រមូលផល និងទិន្នផល ជាពិសេសប្រភេទស្រូវសែនក្រអូប ២.) ភាពយឺតយ៉ាវក្នុងការផ្តល់ទិន្នផលបានជំរុញអោយការនាំចេញអង្ករធ្លាក់ចុះយ៉ាងគំហុក ជាពិសេសក្នុងខែសីហា ហើយនិងឈានដល់ខែកញ្ញាផងដែរ ៣.) ការព្រួយបារម្ភក្នុងរយៈពេលវែងខាងមុខ លើការបម្រែបម្រួលអាកាសធាតុលើសន្តិសុខស្បៀងក្នុងស្រុក និង ៤.) ឥណទានបន្ថែមដល់រោងម៉ាស៊ីន ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករ និងលក្ខខណ្ឌបង្វិល នារដូវកាលច្រូតកាត់ថ្មី។

បន្ទាប់ពីការពិភាក្សា ផ្លាស់ប្តូរយោបល់ លើបញ្ហាដែលបានលើកឡើងដូចខាងលើនេះ យ៉ាងផុសផុលពីសំណាក់សមាជិកអង្គប្រជុំ និងក្រោមការសម្របសម្រួលរបស់ប្រធានអង្គប្រជុំរួចមក ប្រធានបានធ្វើការវាយតម្លៃខ្ពស់ចំពោះធាតុចូលទាំងអស់ ហើយឯកឧត្តមនឹងរាយការណ៍ជូនអគ្គបណ្ឌិតសភាចារ្យបន្ត ដើម្បីសុំគោលការណ៍ដោះស្រាយ និងលើកបន្តជូនដល់ប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់នូវសេចក្តីសម្រេច ក៏ដូចជាផ្តល់នូវអនុសាសន៍ នៅក្នុងបញ្ហានានា ដែលពាក់ព័ន្ធនឹងវិស័យស្រូវអង្ករនេះ ក្នុងគោលបំណងដើម្បីជួយជំរុញផលិតកម្មស្រូវអង្ករ និងការនាំចេញ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបដែរថា តាមរបាយការណ៍របស់ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឲ្យដឹងថា លទ្ធផល​នៃការ​នាំចេញ​អង្ករដែល​បានឆ្លងកាត់​ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២០ សម្រេចបាន ៣៩៧ ៦៦០ តោន។ ចំនួន​នេះ កើនឡើង​ប្រមាណ ១១៦ ១២២ តោន ស្មើនឹង ៤១,២៥% បើ​ធៀបទៅនឹងរយៈពេល​៦ខែដើមឆ្នាំ២០១៩ មាន​ចំនួន ២៨១ ៥៣៨ តោន។ ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ៦ខែនេះ មានចំនួន ៥៦ប្រទេស៖ នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន, ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងនៅទ្វិបដ៏ទៃទៀតចំនួន ២៥ ប្រទេស។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន ៥ ក្នុងចំណោម ៦៦ ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ៕