៨ខែដើមឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធអាករបានជាង២ពាន់លានដុល្លារ

ក្នុងរយៈពេល៨ខែឆ្នាំនេះ កម្ពុជាប្រមូលចំណូលពន្ធអាករបានជាង ២ពាន់លានដុល្លារអាមេរិក ដែលចំនួននេះ មានការកើនឡើងជាង ៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍សង្ខេបរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្ញើជូនប្រមុខរាជរដ្ឋាភិបាល បញ្ជា្កក់ថា ចំណូលពន្ធអាករដែលអគ្គនាយកដ្ឋានប្រមូលបានក្នុងរយៈពេល៨ខែឆ្នាំ២០២០ មានចំនួន២ ០៣៩,៩១លានដុល្លារអាមេរិក ស្មើនឹង៧១,៥៧ភាគរយនៃផែនការប្រចាំឆ្នាំ គឺកើនឡើងប្រមាណ១២៣,២៩លានដុល្លារ ស្មើនឹង៦,៣៦%។

ដោយឡែក សម្រាប់ខែសីហា ឆ្នាំ២០២០ នេះ របាយការណ៍បង្ហាញថា អគ្គនាយកដ្ឋានប្រមូលពន្ធអាករបានប្រមាណជាង១៧០លានដុល្លារ មានការថយចុះជាងខែសីហា ឆ្នាំមុនប្រមាណជាង ៤២លានដុល្លារ៕