អាជ្ញាធរខេត្តកំពង់ស្ពឺ ប្រកាសឲ្យពលរដ្ឋនៅតាមបណ្ដោយស្ទឹងព្រែកត្នោតបង្កើនការប្រុងប្រយ័ត្ន

អាជ្ញាធរខេត្តកំពង់ស្ពឺ បានចេញសេចក្តីប្រកាសឲ្យប្រជាជន ក្នុងឃុំចំនួន ៤ និងពលរដ្ឋរស់នៅតាមបណ្តោយស្ទឹងព្រែកត្នោត បង្កើនការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីបាក់ទំនប់ទឹកទី ១ខ្នងភ្នំគីរីរម្យ កាលពីល្ងាចថ្ងៃទី១៣ ខែតុលាឆ្នាំ២០២០។

ក្នុងលិខិតរបស់រដ្ឋបាលសាលាខេត្តកំពង់ស្ពឺ ថ្ងៃទី១៣ខែតុលា បានរំលឹកថា សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្រផ្នែកខាងក្រោមខាងភ្នំគីរីរម្យចំនួន ៤ឃុំ និងតាមបណ្តោយដងស្ទឹងព្រែកត្នោត មេត្តាត្រៀមបង្ការ និងត្រូវប្រុងប្រយ័ត្នខ្ពស់។ ឃុំទាំង៤ ដែលត្រូវប្រុងប្រយ័ត្ននោះ រួមមាន ឃុំចំបក់,ឃុំត្រាំងសំរោង,ឃុំតាំងស្យានិងឃុំមហាសាំង ដែលមានផ្ទៃដីជាប់គ្នានិងស្របតាមមាត់ស្ទឹងស្រែខុង ។ ចំនួនទឹកដែលបានហូរច្រោះទំនប់ទឹកចម្ការតែ រហូតដល់បាក់នេះ មានចំនួនប្រមាណជាង ៥លានម៉ែត្រគុប។

អាជ្ញាធរខេត្ត កំពុងមមាញឹករៀបចំត្រៀមគ្រប់លទ្ធភាព និងមធ្យោបាយ ដើម្បីចេញសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយបាតុភូតធម្មជាតិនេះ៕