ខេត្តក្រចេះ ៖ សត្វផ្សោតឈ្មោលមួយក្បាល មានទំងន់ជាង១០០ គីឡូ ក្រាមមានប្រវែងជិត ២ម៉ែត្រ មានអាយុប្រហែលពី៥ ទៅ១៨ឆ្នាំ ត្រូវបានគេប្រទះឃើញងាប់អណ្តែតទឹកទន្លេ នៅម្តុំភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី។ មន្ត្រីអភិរក្សថា ផ្សោតមួយក្បាលនេះ ងាប់ដោយសារ រុំជាប់មង របស់អ្នកនេសាទ នៅតំបន់នោះ។
ជាមួយនិងការងាប់របស់សត្វផ្សោតឈ្មោលជាប្រភេទសត្វដ៍កម្រមួយក្បាលនេះ មន្ត្រីអង្គការ WWF ដែល ជាអង្គការជាដៃគូរក្នុងការអភិរក្សសត្វផ្សោតទន្លេមេគង្គ បានសម្តែងការសោកស្តាយជាខ្លាំង។ ហេីយនេះជាសត្វ ផ្សោតទី៥ហើយ ដែលត្រូវគេប្រទះឃើញងាប់តាំងពីខែមករា ឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន ខណះ ចំនួនកូន ផ្សោតដែលកើតក្នុងកំឡុងពេលដូចគ្នានេះគឺមានចំនួន៩ក្បាល។
ប្រធានឆ្នាំទន្លេនិងជានាយករងខណ្ឌរដ្ឋបាលជលផលក្រចេះ លោក ម៉ុក ពន្លក ឱ្យដឹងថា ផ្សោតមួយក្បាលនេះ ត្រូវបានគេប្រទះ ឃើញងាប់ អណ្តែតទឹកទន្លេនៅថ្ងៃទី២២ ខែកក្កដា ក្រោយការរុំជាប់មងរបស់អ្នកនេសាទ បាន១ថ្ងៃ។ លោកថា ផ្សោតនេះ ជាផ្សោតឈ្មោលនិងមានវ័យជំទង់ ដែលជាវ័យពេញបន្តពូជ មានប្រវែង ១,៩៨សង់មែត្រ ទំងន់១០៤គីឡូក្រាម ជាផ្សោតដែលរស់នៅអន្លង់កោះផ្តៅ ស្ថិតក្នុងឃុំកំពង់ចាម ស្រុកសំបូរ និងមានលេខសំគាល់ID 031 និងមានអាយុចន្លោះពី១៥ទៅ១៨ឆ្នាំ។
លោក បានថ្លែងបន្តថា កន្លងមកនៅតាមតំបន់អភិរក្សត្រូវបានក្រុមមន្រ្តីបានចុះអនុវត្តយ៉ាងតឹងរឹង ធ្វើឡើង គ្រប់រដូវកាលមិនថា តែទឹកសម្រកឬទឹកតម្លើងនោះទេ។ តែយ៉ាងណាសកម្មភាព ការលួចធ្វើនេសាទនៅ ក្នុងតំបន់អភិរក្សពីជន ឱកាសនិយម គឺនៅតែកេីតមាន ។ ហេីយការលួចនេសាទនៅក្នុងតំបន់អភិរក្សនេះ គឺភាគច្រេីនជនល្មេីសបានប្រេីឧបករណ៍ឆក់ និងលួចរាយ មងពន្លិចទឹក ដើម្បីចាប់យកត្រីមេពូជធំៗ ក្នុងអង្លង់ ផ្សោតតាមតំបន់ហាមឃាត់។
សូមបញ្ជាក់ថា សព្វថ្ងៃទន្លេមេគង្គខេត្តក្រចេះមានត្រី ផ្សោត រស់នៅក្នុងចន្លោះពី៥៥ទៅ៦០ក្បាល។ ត្រីផ្សោត ទាំងអស់នេះសព្វ ថ្ងៃកំពុងតែរស់នៅ តាមអន្លង់ចំនួន៥អន្លង់ធំៗក្នុងទន្លេមេគង្គខេត្តក្រចេះ។ អន្លង់ទាំង នោះមានដូចជា អន្លង់ខ្សាច់ ម្កាក់ អន្លង់កោះដំបង អន្លង់កោះផ្តៅ អន្លង់កន្ទុយកោះរងាវ និងអន្លង់ផ្សោតកាំពី។
ក្នុងចំណោមអន្លង់ធំៗទាំង៥ គឺអន្លង់ផ្សោតកាំពីមានត្រីផ្សោរ រស់នៅច្រើន ជាងគេក្នុង ចន្លោះចាប់ពី២០ទៅ ៣០ក្បាល។ ដោយលោកបានធ្វើការប៉ាន់ប្រមាណក្នុង ឆ្នាំ២០១៩នេះ ត្រីផ្សោតអាចមាន កំណើនដល់ទៅជាង ១០ក្បាល តាមរយះការបង្កកំណើត៕