ជំនន់ទឹកភ្លៀង នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នេះ បានជន់លិចផ្ទះរបស់ពលរដ្ឋ និងផ្លូវមួយចំនួនក្នុងឃុំនានា ដែលស្ថិតនៅប៉ែកខាងលើ ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប។
លោក លុក ផុស អភិបាលស្រុកអង្គរជុំ ខេត្តសៀមរាបបានឱ្យដឹងថា ការជន់លិចភូមិឋាន និងផ្ទះសម្បែងរបស់ពលរដ្ឋ ក្នុងឃុំនានារបស់ស្រុកអង្គរជុំនាពេលនេះ មិនទាន់ធ្ងន់ធ្ងរ ឈានដល់ការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពនៅឡើយទេ។ លោកបានណែនាំឱ្យក្រុមអាជីវករផ្សារឈូក ត្រៀមរៀបចំទុកដាក់សម្ភារ របស់របររបស់ខ្លួន ឱ្យផុតពីទឹក ព្រោះទឹកជនន់នេះ នឹងបន្តហូរមកជន់លិចមកប៉ែកខាងក្រោម ដូចជាផ្សារ មន្ទីរពេទ្យ សាលារៀន ជាលើកទី២ទៀត។
តែទោះបីយ៉ាងណាក៏ដោយ បើទោះជាស្ថានភាពទឹកជំនន់នៅពេលនេះមិនទាន់ធ្ងន់ធ្ងរក៏ពិតមែន ប៉ុន្តែលោកអភិបាលស្រុកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះស្ថានភាពទឹកជំនន់នេះដូចជាពាក់ព័ន្ធទៅនឹងអគ្គិសនី និងក្មេងៗលេង ទឹកជាដើម ព្រោះវាអាចគ្រោះថ្នាក់ដោយយើងមិនបានដឹងមុននោះទេ៕