សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នេះ នឹងបន្តផ្ដល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យប្រមាណ ១ម៉ឺនគ្រួសារ និងនៅថ្ងៃស្អែក សម្តេចនឹងបន្តផ្តល់ជូនពលរដ្ឋ ១ម៉ឺនគ្រួសារទៀត។
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ពិធីផ្តល់អំណោយនេះ នឹងចែកចេញជាពីរគោលដៅ គឺទីមួយ ធ្វើនៅនៅថ្ងៃទី២១ ខែតុលាឆ្នាំ២១ នេះ រៀបចំនៅបរិវេណជុំវិញទីទួលសុវត្ថិភាព ស្ថិតនៅតាមកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ហើយនៅថ្ងៃស្អែកទី២២ ខែតុលា ឆ្នាំ២០២០ នឹងរៀបចំនៅទីតាំងផ្សារធំថ្មីបូរីជ័យ២ ចំការតាដោក ភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
គួរជម្រាបថា សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបំពេញបេសកកម្មនៅក្នុងខេត្តបន្ទាយមានជ័យរយៈពេល ២ថ្ងៃគឺថ្ងៃទី២១ និង ២២ ខែតុលា ឆ្នាំ២០២០ ដោយឆ្លងកាត់ខេត្តសៀមរាប ដើម្បីសួរសុខទុក្ខនិងផ្ដល់អំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ប្រមាណ ២ម៉ឺនគ្រួសារ ហើយបើតាមការគ្រោងទុក សម្តេចនឹងត្រឡប់មករាជធានីភ្នំពេញវិញ ដើម្បីដឹកនាំកិច្ចប្រជុំនៃគណៈរដ្ឋមន្ត្រីនៅថ្ងៃសក្រទី២៣ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ៕