កម្មវិធីស្បៀងអាហារពិភពលោក បន្តជួយឧបត្ថម្ភរាជរដ្ឋាភិបាលកម្ពុជាលើវិស័យសំខាន់ៗ

កម្មវិធីស្បៀងអាហារពិភពលោក ប្រកាសបន្តជួយឧបត្ថម្ភដល់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងភាពជាដៃគូដ៏ល្អ ជាពិសេសជាមួយក្រសួងផែនការ ដោយបន្តនូវកិច្ចសហប្រតិបត្តិការ និងការឧបត្ថម្ភ គាំទ្រលើការងារ ធ្វើឱ្យប្រសើរឡើងនូវទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងជនងាយរងគ្រោះ, ប្រព័ន្ធទិន្នន័យតាមប្រព័ន្ធឌីជីថល, កម្មវិធីបញ្ចូលមីក្រូសារជាតិក្នុងអាហារ, ការងារអង្កេតសេដ្ឋកិច្ច-សង្គមកិច្ច, ការងារអង្កេតប្រជាសាស្ត្រ និងសុខភាព រួមនិងការងារអង្កេតសំខាន់ៗមួយចំនួនទៀតផងដែរ។ នេះបើតាមការបញ្ចាក់របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ

លោកជំទាវ Claire Conan តំណាង នាយកកម្មវិធីស្បៀងអាហារពិភពលោក(WFP) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងភាពជាដៃគូ រវាងកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងរាជរដ្ឋាភិបាលកម្ពុជា និងជាមួយក្រសួងផែនការ ដែលក្នុងនោះកម្មវិធីស្បៀងអាហារពិភពលោក បានឧបត្ថម្ភគាំទ្រ និងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានផែនការ និង វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការផងដែរ។
ឯកឧត្តម ឆាយ ថន បានបន្តថា ឆ្នាំក្រោយក្រសួងផែនការរួមនិងដៃគូជំនួយ នឹងចាប់ផ្តើម ដំណើរការការងារអង្កេតចន្លោះជំរឿនកសិកម្ម , អង្កេតប្រជាសាស្ត្រ និងសុខភាព ដែលជាប្រភពទិន្នន័យបន្ថែម សម្រាប់ចូលរួមដំណើរការវាយតម្លៃអំពីស្ថានភាព សុខភាពនៃប្រជាពលរដ្ឋកម្ពុជា ដើម្បីរៀបចំជាគោលនយោបាយគាំទ្រដល់ការអនុវត្ត និងសម្រេចបានក្នុងក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល៕