ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការអនុវត្តកិច្ចលទ្ធកម្ម៩ខែដើមឆ្នាំ២០២០ និង ការណែនាំអំពីការរៀបចំផែនការលទ្ធកម្មឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងថ្ងៃទី 2៣ខែតុលាឆ្នាំ 2020 ជូនមន្ត្រីសាលាខេត្តក្រុងស្ថាប័ន និងអង្គភាពថវិកាក្រោមឱវាទ រួមមាន៖មន្ត្រីសាលាខេត្តក្រុងទាំង 26 កមានសិក្ខាកាមចូលរួមសរុប ១៧១នាក់។ គោលបំណងនៃការរៀបចំកិច្ចប្រជុំនេះគឺដើម្បី ពិនិត្យការអនុវត្តកិច្ចលទ្ធកម្មសាធារណៈរយៈពេល៩ខែដើមឆ្នាំ២០២០ របស់ស្ថាប័នអនុវត្តលទ្ធកម្មនិងអង្គភាពថវិកាក្រោមឱវាទ និងការណែនាំអំពីការរៀបចំផែនការលទ្ធកម្មឆ្នាំ២០២១ សំដៅធានាឱ្យការអនុវត្តកិច្ចលទ្ធកម្មសាធារណៈរបស់ស្ថាប័នអនុវត្តលទ្ធកម្មសម្រាប់ការទិញ ការសាងសង់ ការជួសជុល ការជួលសេវាកម្ម និងការជួលសេវាទីប្រឹក្សាអាចប្រព្រឹត្តទៅដោយរលូន មានតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងទាន់ពេលវេលាឆ្លើយតបតាមតម្រូវការជាក់ស្តែង។
ឯកឧត្តមហ៊ីវសុវណ្ណរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏បានគូសបញ្ជាក់ផងដែរថាហិរញ្ញវត្ថុសាធារណៈបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងគោលនយោបាយអភិវឌ្ឍជាតិនិងជាឧបករណ៍ដ៏ស័ក្កិសិទ្ធិក្នុងការអនុវត្តនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ លទ្ធកម្មសាធារណៈ ជាផ្នែកសំខាន់មួយនៅក្នុងកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាឧបករណ៍មួយក្នុងចំណោមឧបករណ៍ និងយន្តការទាំងឡាយសម្រាប់គ្រប់គ្រងការចំណាយថវិការដ្ឋ។ ជាមួយគ្នានេះផងដែរ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះស្ថាប័នអនុវត្តលទ្ធកម្មដែលបានអនុវត្តកិច្ចលទ្ធកម្មបានល្អ និងសូមក្រើនរំលឹកចំពោះស្ថាប័នអនុវត្តលទ្ធកម្មដែលនៅមានចំណុចខ្វះខាតលើការរៀបចំផែនការលទ្ធកម្ម ការអនុវត្តផែនការលទ្ធកម្ម និងការផ្ញើរបាយការណ៍កិច្ចលទ្ធកម្មមកកាន់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមយកចិត្តទុកដាក់អនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាស្ដីពីលទ្ធកម្មសាធារណៈឲ្យបានត្រឹមត្រូវ៕