ខេត្តព្រះសីហនុ : សាលាដំបូងខេត្តព្រះសីហនុ បានសម្រេចដោះលែងអ្នកសារព័ត៌មាន ២នាក់ឲ្យនៅក្រៅឃុំ ប៉ុន្តែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ តុលាការ កាលពីល្ងាចថ្ងៃទី២៣ ខែ កក្កដា ម្សិលមញនេះ ប៉ុន្តែពលរដ្ឋ 5 នាក់ផ្សេងទៀតនៅបន្តជាប់ឃុំជាបណ្ដោះអាសន្ន។
- ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី២៣ ខែកក្កដា ម្សិលមិញនេះ សម្រេចមិនឃុំខ្លួនអ្នក សារព័ត៌មាន ២នាក់ តែដាក់អោយស្ថិតក្រោមការត្រួតពិនិត្យ របស់តុលាការ ។ ចំណែកពលរដ្ឋ៥នាក់ ត្រូវបានឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធករណីទំនាស់ដីធ្លីជាមួយឧកញ៉ា ខូវ សម្បត្តិ ។ នេះបើតាមការបញ្ជាក់របស់លោក លឹម ប៊ុនហេង អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃ ទី២៣ ខែ កក្កដា ម្សិលមិញនេះ។
លោក លឹម ប៊ុនហេង បន្តថា លោក កៀង សុន្ទរោ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចចោទប្រកាន់ ឈ្មោះ កែរ រតនា ចាងហ្វាងកាសែត TN និង ឈ្មោះ ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យ ពីបទ ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ , ញុះញង់ អោយប្រព្រឹត្តតាមផ្លូវសារព័ត៌មាននិងសមគំនិតក្នុងអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត តាមមាត្រា៤៩៥ មាត្រា៤៩៧ និង មាត្រា២៩ នៃក្រមព្រហ្មទណ្ឌ និង មាត្រា២៥៣នៃច្បាប់ភូមិបាល ។
ដោយឡែកប្រជាពលរដ្ឋ៥នាក់មានឈ្មោះ ហង្ស សុភា ហៅ អ៊ីស៊ីន ភេទស្រី អាយុ៤៩ឆ្នាំ , ឈ្មោះ ហង្ស ចិន្តា ភេទស្រី អាយុ៥១ឆ្នាំ , ឈ្មោះ សែន លក្ខិណា ភេទស្រី អាយុ៣២ឆ្នាំ , ឈ្មោះ ប៉ែន ស៊ីណាត ភេទស្រី អាយុ៥៧ឆ្នាំ និង ឈ្មោះ ហេង យោង ភេទប្រុស អាយុ៥០ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ ប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត , បទញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ , និង កំហែងយក តាមមាត្រា២៥៣នៃច្បាប់ភូមិបាល , មាត្រា៣៦៣ និង មាត្រា៣៦៤ នៃក្រមព្រហ្មទណ្ឌ ។
សូមបញ្ជាក់ផងដែរថា សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ បាន ធ្វើការ ឃាត់ខ្លួន ជនសង្ស័យទាំងអស់ កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា កន្លងទៅ បន្ទាប់ពីបានប្រព្រឹត្តបទល្មើសនៅចំណុច ក្នុង ក្រុម៨ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ៕