ក្រសួងគ្រោងសម្ពោធបើកការដ្ឋានស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប នៅថ្ងៃទី៣០ ខែវិច្ឆិកា

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមស៊ុន ចាន់ថុល បានលើកឡើង ថ្ងៃបើកការដ្ឋានផ្លូវទាំង ៣៨ខ្សែនៅក្រុងសៀមរាប នឹងរៀបចំធ្វើនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី បានបញ្ជាក់បែបនេះ ខណៈអញ្ជើញដឹកនាំគណៈប្រតិភូក្រុមការងារបច្ចេកទេសចុះពិនិត្យគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០
ឯ.ឧ. ថ្លែងថា ពិធីបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ នឹងប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅខេត្តសៀមរាប គ្រោងធ្វើនៅថ្ងទី១៦ វិច្ឆិកា ឆ្នាំ២០២០ តែត្រូវបានពន្យារពេល នៅក្រោយពីមានព្រឹត្តិការណ៍ ៣វិច្ឆិកា ។

សូមជម្រាបថា ការដ្ឋានស្ថាបនាផ្លូវទាំង ៣៨ខ្សែនេះ ត្រូវបែងចែកជាបួនប្រភេទក្នុងនោះ ប្រភេទទីមួយចាក់បេតុងកម្រាស់ ២៥សង់ទីម៉ែត្រ ដូចជាផ្លូវវាងក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូ (AC)ពីលើទេ។ ប្រភេទទីពីរចាក់បេតុងកម្រាស់ ២០សង់ទីម៉ែត្រ និងកន្លែងខ្លះកម្រាស់ ៧សង់ទីម៉ែត្រយោងទៅតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរាណ៍ និងការដឹកជញ្ជូន។ ប្រភេទទីបីជួសជុលគ្រឹះ មិនចាំបាច់ចាក់បេតុងហើយអ៊ុតកៅស៊ូបេតុងតែម្ដង និងប្រភេទទីបួន អ៊ុតកៅស៊ូបេតុងកម្រាស់ ១៥សង់ទីម៉ែត្រ ពីលើតែម្ដងដោយសារគ្រឹះផ្លូវនោះនៅមានភាពរឹងមាំនៅឡើយ៕