សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរលោកស្រី អ៊ុងសាន ស៊ូជី ចំពោះជ័យជម្នះជាថ្មីក្នុងការបោះឆ្នោតនៅមីយ៉ាន់ម៉ា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០២០ បានផ្ញើសារលិខិតអបអរសាទរជូនលោកស្រី អ៊ុងសាន ស៊ូជី ចំពោះជ័យជម្នះជាថ្មី ក្នុងការបោះឆ្នោតសភាជាសកល នៅប្រទេសមីយ៉ាន់ម៉ា។

មានប្រសាសន៍នៅក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ បានបញ្ជាក់ថា ៖ «តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា និងរូបខ្ញុំផ្ទាល់ ខ្ញុំសូម សំដែងការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះលោកជំទាវ ដែលបានដឹកនាំគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីសាជាថ្មី ក្នុងការបោះឆ្នោតសកល នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមកនេះ។ លទ្ធផលនៃការបោះឆ្នោតនេះ បានបង្ហាញនូវទំនុកចិត្ត និងការគាំទ្រយ៉ាងលើសលប់ចំពោះការដឹកនាំរបស់លោកស្រី អោង សាន ស៊ូជី និងគោលនយោបាយដ៏ ត្រឹមត្រូវរបស់គណបក្ស NLD»។

សម្តេចតេជោ បានថ្លែងបន្តថា «ក្រោមការដឹកនាំដ៏រឹងមាំរបស់លោកជំទាវ មីយ៉ាន់ម៉ា សម្រេចបាននូវសមិទ្ធិផលគួរឱ្យកត់ សម្គាល់ក្នុងការអភិវឌ្ឍជាតិ។ ខ្ញុំមានជំនឿជឿជាក់ថា ជាមួយអាណត្តិថ្មីរបស់គណបក្ស NLD មីយ៉ាន់ម៉ានឹងបន្តលើកកម្ពស់គុណតម្លៃលទ្ធិប្រជាធិបតេយ្យ ដែលនឹងត្រួសត្រាយផ្លូវសម្រាប់សន្តិភាព ប្រកបដោយបរិយាប័ន្ន និងរឹងមាំ ស្ថិរភាព និងវិបុលភាពនៅក្នុងប្រទេស»។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកស្រី អោង សាន ស៊ូជី ដើម្បីលើកកម្ពស់ទំនាក់ទំនងដ៏ល្អដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងមីយ៉ាន់ម៉ាឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមក និងសម្រាប់សហគមន៍អាស៊ានទាំងមូល៕