ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជាបានប្រកាសថា រូបឯកឧត្តមនិងក្រុមគ្រួសារ ទទួលលទ្ធផលអវិជ្ជមានកូវីដ១៩ ជាលើកទី៤ ពោលគឺគ្មានឆ្លងជំងឺ ដ៏កាចសាហាវនេះនោះឡើយ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសរសេរលើហ្វេសប៊ុកផ្ទាល់ខ្លួន នៅរសៀលថ្ងៃទី១៨ វិច្ឆិកានេះថា «សួស្តី សហសេវិក សហការី មិត្តភក្តិ បងប្អូនទាំងអស់ ! លទ្ធផលនៃការធ្វើតេស្ត រកមេរោគកូវីដ១៩ លើកទី៤ របស់ខ្ញុំ និងក្រុមគ្រួសារខ្ញុំ គឺអវិជ្ជមានទាំងអស់គ្នា» ។
ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការធ្វើតេស្ត ជូនដល់ក្រុមគ្រួសារនិងរូបឯកឧត្តម រួមទាំងមន្ត្រី បុគ្គលិក របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងដែរ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានជូនពរដល់ក្រុមគ្រូពេទ្យ សហសេវិក សហការី មិត្តភក្តិ និងបងប្អូនទាំងអស់ ទទួលបានសុខភាពល្អបរិបូណ៌ និងជៀសផុតពីគ្រោះកាចទាំងឡាយ។
សូមបញ្ជាក់ថា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក្រោយព្រឹត្តិការណ៍ថ្ងៃ៣ ខែវិច្ឆិកាដែលបានជួបពិភាក្សាដោយផ្ទាល់ជាមួយរដ្ឋមន្រ្តីការបរទេស ហុងគ្រី ក៏ត្រូវបានធ្វើចត្តាឡីស័ក ដែលគិតមកដល់ពេលនេះជាលើកទី៤ ហើយ គឺគ្មានការឆ្លងជំងឺកូវីដ១៩នោះទេ៕