សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រលប់ថ្ងៃទី១៨ ខែវិច្ឆិកា បានអនុញ្ញាតឱ្យរៀបចំពិធីអាពាហ៍ពិពាហ៍ បើកសាលារៀន បើកសារមន្ទីរ បើកពហុកីឡដ្ឋានជាតិអូរឡាំពិក និងរោងភាពយន្ត ឡើងវិញ តែត្រូវប្រកាន់ខ្ជាប់តាមវិធានណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការចម្លង និងរីករាលដាលជំងឺកូវីដ១៩។
ការអនុញ្ញាតរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈសារសំឡេងពិសេសមួយនៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីព្រឹត្តិការណ៍ «៣វិច្ឆិកា» ត្រូវបានបិទបញ្ចប់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់អាជ្ញាធរពាក់ព័ន្ធថា «ខ្ញុំសូមស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រប់ខេត្ត រាជធានី ស្រុក ឃុំ សង្កាត់ ដែលមានការរៀបអាពាហ៍ពិពាហ៍ គឺអនុញ្ញាតឱ្យបងប្អូនរៀបការទៅ។ ជាទម្លាប់ប្រពៃណីខ្មែររបស់យើងចាប់ពីខែនេះ រហូតដល់ចូលវស្សា ជាពិសេសរដូវរំហើយនេះ មានរៀបអាពាហ៍ពិពាហ៍។ ដូច្នេះសូមសម្រួលឱ្យមានការរៀបអាពាហ៍ពិពាហ៍ គ្រាន់តែឱ្យយកចិត្តទុកដាក់ទៅលើបញ្ហាទាក់ទងនឹងការអនាម័យ ទាក់ទងនឹងអ្វីជាតម្រូវការការណែនាំរបស់ក្រសួងសុខាភិបាលតែប៉ុណ្ណោះ»។
សម្តេចតេជោ បានបន្ថែមថា «ប្រយ័ត្ននៅតែប្រយ័ត្ន ក៏ប៉ុន្តែយើងមិនត្រូវបិទដង្ហើមសេដ្ឋកិច្ច និងចលនាសេដ្ឋកិច្ចសង្គមផ្សេងទៀតដែរទេ។ ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាហ្នឹង ពិនិត្យមើលគ្រាន់តែជួយសម្រួល ដើម្បីរំលឹកឱ្យបងប្អូនជានិច្ចកាលឱ្យមានការប្រុងប្រយ័ត្ន ដូចជាការវាស់កម្តៅ ការលាងដៃ គម្លាតសុវត្ថិភាពជាដើម។ នេះជាតម្រូវការរបស់ប្រជាជនយើង ដែលត្រូវការរៀបការ»៕