រថយន្ត​ដឹក​ស៊ីម៉ងត៍​បុក​រះ​បន្តបន្ទាប់​ឆក់យក​ជីវិត​នារី​៣​នាក់​លើផ្លូវ​គួរឱ្យ​អនិច្ចា!

ខេត្តព្រះវិហារ ៖ បើតាម​សេចក្តីរាយការណ៍​បានឱ្យដឹងថា មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​ដឹក​ស៊ីម៉ងត៍​បុក​យ៉ាង​ពេញទំហឹង​ជាមួយនឹង​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ ខណៈពេល​រថយន្ត​ហាយ​ឡែ​ន​ឌ័​របើក​ចេញពី​ស្ថានីយ​ចាក់​ប្រេងឥន្ធនៈ​ក្បែរ​នោះ បណ្តាលឱ្យ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​ធ្លាក់​ទៅ​ម្ខាង​ផ្លូវ ហើយ​ស្រពពេលនោះ​រថយន្ត​ដឹក​ស៊ីម៉ងត៍​ក៏​រ៉េ​ចង្កូត​ទៅបុក​នឹង​ម៉ូតូ​២​គ្រឿង​ទៀត​ដែល​ឈប់​នៅ​ខាងស្តាំ​ដៃ បណ្តាលឱ្យ​បាត់បង់​ជីវិត​នារី​៣​នាក់​ភ្លាមៗ​តែម្តង និង​ស្ត្រី​ចំណាស់​ម្នាក់ទៀត​រងរបួស​បាក់ជើង​ខាងស្តាំ ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ នៅលើ​ដងផ្លូវ​ជាតិ​លេខ​៦២ ស្ថិត​ត​ក្នុងភូមិ​ហ្ម​សែត សង្កាត់​ប៉ា​លហាល ខេត្តព្រះវិហារ ។​

​តាម​ការបញ្ជាក់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឆ​យ បូ​រិ​ន នាយ​សេនាធិការដ្ឋាន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ បានឱ្យដឹងថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ រវាង​រថយន្ត​ដឹក​ស៊ីម៉ង់ត៍ ពណ៌​កណ្តុរ​ប្រមេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 4A-6332 បើកបរ​មាន​ល្បឿន​លឿន ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ ក៏​បុក​ជាមួយ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ ពាក់​ស្លាក​លេខ 2A-6172 ដែល​បើកបរ​ចេញពី​ស្ថានីយ​ចាក់​ប្រេងឥន្ធនៈ​ក្បែរ​នោះ ។​

​លោក​ស្នងការដ្ឋាន​នគ​របាល​ខេត្ត​បានឱ្យដឹង​បន្តថា ខណៈពេល​រថយន្ត​ហាយ​ឡែ​ន​ឌ័​របើក​ចេញពី​ស្ថានីយ​ចាក់​ប្រេងឥន្ធនៈ​ឡើងលើ​ផ្លូវជាតិ​លេខ​៦២ ក៏ត្រូវ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​មក​បុក​ធ្លាក់​ទៅ​ម្ខាង​ផ្លូវ ហើយ​ស្របពេលនោះ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​ក៏បាន​រ៉េ​ចង្កូត​ទៅបុក​ជាមួយនឹង​ម៉ូតូ​២​គ្រឿង​ផ្សេងទៀត​ដែល​ឈប់​នៅ​ខាងស្តាំ​ដៃ បណ្តាលឱ្យ​មនុស្ស​ស្រី​៣​នាក់​បាត់​បង់ជីវិត​ភ្លាមៗ​នៅ​នឹង​កើតហេតុ​តែម្តង និង​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ទៀត​រងរបួស​បាក់ជើង​ខាងស្តាំ ។​

​ក្រោយពេល​កើតហេតុ ស្ត្រី​រងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​១៦​មករា ក្រុង​ព្រះវិហារ រីឯ​សាកសព​នារី​រងគ្រោះ​ទាំង​៣​នាក់​ត្រូវបាន​ក្រុមគ្រួសារ​យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​លំនៅឋាន​ផងដែរ ។​

​សេចក្តីរាយការណ៍​បន្ត​ថា ជនរងគ្រោះ​ខាងលើ​រួមមាន​៖ ទី​១-​ឈ្មោះ ឃិន ចាន់​តុលា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​2009 ពណ៌​ខ្មៅ ផ្លាកលេខ ភ្នំពេញ​1N- 0842 (​ខូច​ធ្ងន់​) រស់នៅ​ភូមិ​ហ្ម​សែត សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ (​បាត់បង់​ជីវិត​) ។ ទី​២- ឈ្មោះ តុញ សៅ​លី ភេទ​ស្រី អាយុ​៣០​ឆ្នាំ អ្នករួមដំណើរ រស់នៅ​ភូមិ​ហ្ម​សែត សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ (​បាត់បង់​ជីវិត​)​។ ទី​៣- ឈ្មោះ ម៉ា​រី ហាន់​ណា ភេទ​ស្រី ជា​អ្នករួមដំណើរ រស់នៅ​ភូមិ​ហ្ម​សែត សង្កាត់​ប៉ា​លហាល (​បាត់បង់​ជីវិត​)​។​

​ចំណែក​អ្នកបើកបរ​ម៉ូតូ​ទី​២ ឈ្មោះ អេង ស្រី ភេទ​ស្រី អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ហ្ម​សែត សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ (​រងរបួស​បាក់ជើង​ខាងស្តាំ​) បាន​បើក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​2010 ពណ៌​ខ្មៅ ផ្លាកលេខ ព្រះវិហារ 1A 4905 (​ខូចខាត​ស្រាល​) ។ រីឯ​អ្នកបើកប​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ឈ្មោះ ទាវ សុផាន់​ណា ភេទ​ប្រុស អាយុ​៧២​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ (​រងរបួស​ស្រាល​)​។ ដោយឡែក​អ្នកបើកបរ​រថយន្ត​បង្ក​បានគេច​ខ្លួន​បាត់ស្រមោល ដោយ​បន្សល់ទុក​តែ​ឯកសារ​មួយចំនួន​នៅក្នុង​រថយន្ត និង​វត្ថុតាង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កន្លែងកើតហេតុ​តែប៉ុណ្ណោះ ។​

​ក្រោយពេល​កើតហេតុ វត្ថុតាង​ទាំង​រថយន្ត និង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះវិហារ និង​ស្រាវជ្រាវ​បន្ត ដើម្បី​រកមុខ​ជនបង្ក យកមក​ផ្តន្ទាទោស​តាមច្បាប់៕​