ព័ត៌មាន​លម្អិត​ ជុំវិញ​ប្រតិបត្តិការ​ចាប់ខ្លួន​ជន​សមគំនិត និង​ជន​ដៃដល់ ដែល​បាន​បាញ់​លោក​​​វរសេនីយ៍ទោ រ៉េត ស៊ី​ណែ​ត

ភ្នំពេញ ​៖ សូមបញ្ជាក់ថា អស់​រយៈពេល​១៧​ថ្ងៃ​មកហើយ បន្ទាប់ពី​ជនសង្ស័យ​បាញ់សម្លាប់ លោក​វរសេនីយ៍ទោ រ៉េត ស៊ី​ណែ​ត នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ បាន​ចុះ​ធ្វើការ​នេះ​យ៉ាង​ម៉ត់ចត់​យកចិត្តទុកដាក់​បំផុត​ក្រោម​ការ​បញ្ជា​ផ្ទា​ល់​ពី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តម .​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ិ​ន បូរ៉ា អគ្គ​ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ និង​ចង្អុលបង្ហាញ​យ៉ាង​យកចិត្តទុកដាក់​ពី ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​កម្លាំង​ជំនាញ​បើក​ការស្រាវជ្រាវ​បន្ទាន់​ក្រោយ​កើតហេតុ​។ ដោយបាន​បទបញ្ជារ​ពី​ថ្នាក់ដឹកនាំ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ​សហការ​ជាមួយ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្នងការដ្ឋាន​ខេត្តបាត់ដំបង មណ្ឌល​គិ​រី រតនគីរី ស្ទឹងត្រែង ក្រចេះ ។​

​សមត្ថកិច្ច​បាន​ឲ​ដឹងថា ​ជនដៃដល់​មានឈ្មោះ អ៊ា ណា​រ៉េ​ន អាយុ ៣៩​ឆ្នាំ ធ្លាប់​ជាប់ពន្ធនាគារ​១៥​ឆ្នាំ ពាក់ព័ន្ធ​នឹង​ករណី​បាញ់​ប្លន់​យក​ទូរស័ព្ទ​៩២០០ បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់ កាលពី​កំឡុង​ឆ្នាំង ២០០៣ ទើបនឹង​ចេញពី​គុក​ក្នុង​ឆ្នាំ ២០១៨ ត្រូវបាន​សមត្ថកិច្ច​បា​ញ់​សម្លាប់​ហើយ នៅ​ល្ងាច​ថ្ងៃទី ១៥ មករា ២០២១ នេះ ចំណុច​មាត់​អូរ​ជាប់ជើង​ភ្នំ អូរ​កណ្តៀរ ក្នុង​ដីចំការ​ស្វាយចន្ទី ភ្នំ​អូ​កណ្តៀរ ភូមិ​អូ​ព្រៈ ឃុំ​អូ​គ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេៈ ខណៈ​សមត្ថកិច្ច​ឡោមព័ទ្ធ​ជនសង្ស័យ អោយ​ទម្លាក់អាវុធ ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច ប៉ុន្តែ​ជនសង្ស័យ​មិន​ព្រម បាន​ដក​ក​កាំភ្លើងបម្រុងបាញ់​មកលើ​កងកម្លាំង ទើប​សមត្ថកិច្ច​ប្រើ​សិទ្ធិ​ការពារ​ខ្លួន ខណៈនោះ​ជនសង្ស័យ​បាន​បាញ់​តប ជាមួយ​សមត្ថកិច្ច​អស់​ចំនួន​១​ប៉ង់ ក៏ត្រូវ​សមត្ថកិច្ច​យើង​បាញ់​បណ្តាល​ឲ្យ​ជនសង្ស័យ​ស្លាប់​តែម្តង​។​

​ចំណែកឯ​ជនសង្ស័យ​អ្នកចូលរួម​សមគំនិត ឈ្មោះ​កែវ សុខ​មាន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ (​អ្នកបើករថយន្ត​) កម្លាំង​ឃាត់ខ្លួន​បាន នៅ​ចំណុច​ផ្ទះជួល ក្បែរ​វត្ត​ទួល​តា​ឯក ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​សូម​រំលឹកថា​៖ នៅ​យប់​ថ្ងៃទី ២៩ ឈានចូល​ថ្ងៃទី ៣០​ខែ ធ្នូ ២០២០ ជនសង្ស័យ​បាន​បាញ់​សម្លាញ់ ជនរងគ្រោះ​ឈ្មោះ រ៉េត ស៊ី​ណែ​ត ឋានន្តរសក្តិ​វរសេនីយ៍ទោ នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅមុខ​ប្រ​លាន​យន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្នុង​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ផ្តើមចេញពី​គ្រោះថ្នាក់​ចរាចរណ៍ ។ ក្រោយ​កើតហេតុ​ជនសង្ស័យ​ទាំង​២​នាក់​បាន បើករថយន្ត​ដែល​ជិះ យកទៅ​ផ្លុ​ង​ចោល​ក្បែរ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ស្ថិត​ភូមិ​ស្វាយ​ឧ​ត្ត​ម សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ​។ ក្រោយមក​ទើប​ជនសង្ស័យ​បាន​បែង​ចែកគ្នា​រត់គេចខ្លួន ដោយ​ឈ្មោះ កែវ សុខ​មាន រត់​ទៅសម្ងំ​លាក់ខ្លួន​ជាមួយ​មិត្តភក្តិ ក្នុង​បន្ទប់​ជួល​ក្បែរ​វត្ត​ទួល​តា​ឯក ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង នៅ​រសៀល​ថ្ងៃទី​០៣ មករា ២០២១​។ ចំណែក​ជនដៃដល់ ឈ្មោះ អ៊ា​ម ណា​រ៉េ​ន បាន​បើ​រថយន្ត​ជាមួយ​ប្រពន្ធ​កូនស្រី​និង​ស្ត្រី​ម្នាក់ទៀត​សំដៅទៅ​ខេត្តមណ្ឌលគិរី ហើយ​បាន​បុក​ប៉ា​រ៉ា​ស់​សមត្ថកិច្ច​ដាក់​គោលដៅ ចំនួន​៣​គោលដៅ​នៅ​រសៀល​ថ្ងៃទី​៤ មករា ២០២១ ក្នុងស្រុក​កោះ​ញ៉ែ​ក ហើយ​ថ្ងៃទី​៥ ជនសង្ស័យ​បាន​ថ្មើរជើង​ឆ្លងកាត់​តាម​ព្រៃ មកដល់​រតនគិរី និង​បន្ត​ថ្មើរជើង​តាម​ព្រៃ ឆ្លង​ចូល​ខេត្តស្ទឹងត្រែង​បន្តទៀត ជាហេតុ​ធ្វើ​ឲ​ការបង្ក្រាប​ឃាត់ខ្លួន​មួយ​នេះ​ពិបាក​បំផុត ហើយក៏​ត្រូវ​យកចិត្តទុកដាក់​បំផុត​ផងដែរ ព្រោះ​ជនដៃដល់​ជា​មុខសញ្ញា​ចាស់ និង​ធ្លាប់​ឆ្លងកាត់​រៀនសូត្រ​ជា​កម្លាំង​បាន​យ៉ាង​ស្ទាត់ជំនាញ​។​

​រហូតដល់​វេលា​ម៉ោង​៥​រសៀល ថ្ងៃទី ១៥ ខែមករា ឆ្នាំ​២០២១ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បានធ្វើការ​ស្រាវជ្រាវរ​ហូត​ដល់ កំណត់​បាន​ទីតាំង​លាក់ខ្លួន​របស់​ជនសង្ស័យ ហើយ​បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​, ស្នងការដ្ឋាន​គរ​បាល​ខេត្តក្រចេះ ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ០៣២ វ ដ វ ន ចុះ​ថ្ងៃទី ១២ ខែមករា ឆ្នាំ​២០២១ របស់លោក លិ សុ​ផា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។ នៅវេលា​ម៉ោង​១៧​និង​៤៦​នាទី កម្លាំង​សមត្ថកិច្ច​យើង​បាន​ប្រទះឃើញ​ជនសង្ស័យ​នៅ​ចំណុច​មាត់​អូរ​ជាប់ជើង​ភ្នំ អូរ​កណ្តៀរ ក្នុង​ដីចំការ​ស្វាយចន្ទី ស្តិ​ត​ក្នុងភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ហើយ​សមត្ថកិច្ច​យើង​បាន​ឲ្យ​ជនសង្ស័យ​ប្រគល់​ខ្លួន​តាម​សម្រួល ប៉ុន្តែ​ខណៈពេល​នោះ​ជនសង្ស័យ​រឹងរូស​មិន​ព្រម​ប្រគល់​ខ្លន និង​បាន​បាញ់​មកលើ​សមត្ថកិច្ច​យើង ភ្លាមនោះ​សមត្ថកិច្ច​យើង​បាន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ដោយ​បាញ់​តបត​គ្នា​ទៅវិញទៅមក​បណ្តាល​ឲ្យ​ជនសង្ស័យ​ឈ្មោះ អ៊ា ណា​រ៉េ​ន ស្លាប់​នៅ​ហ្នឹង​កន្លែងកើតហេតុ ។ វត្ថុតាង​ដកហូត​មាន អាវុធខ្លី​មួយ​ដើម ម៉ាក CZ 75B លេខ 5493V ពណ៌​ទឹកប្រាក់ មួយ​ដើម ។ បច្ចុប្បន្ន​សាកសព​ទុក​នៅ​វត្ត​អូរ​កណ្តៀរ បានប្រគល់​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ដើម្បី​ចាត់ចែង​តាម​នីតិវិធី៕​