ភ្នំពេញ ៖ ក្រុមជនសង្ស័យ១ក្រុមជិះម៉ូតូ៦គ្រឿងដេញវាយប្លន់យកម៉ូតូគុបមូលផលិតឆ្នាំ២០២០ តម្លៃជាង៤០០០ដុល្លារពីយុវជនម្នាក់មិនបានសម្រេច ត្រូវបានអាវុធហត្ថក្របួចបាន២នាក់។
ហេតុការណ៍នេះកើតឡើងនៅវេលា ម៉ោង១០និង២០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចមុខភោជនីយដ្ឋាន ជីនជន ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីជាប់ព្រលានយន្តហោះពោធិ៍ជិនតុង ក្នុងសង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។
តាមសម្តីពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ជិះម៉ូតូគុបមូល ពណ៌ខៀវ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1HU.0007 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យ១ក្រុមជិះម៉ូតូ៦គ្រឿងមកធ្វើសកម្មភាពជិះកៀបបម្រុងប្លន់យកម៉ូតូ រូបគាត់ក៏ជិះមកឈប់កន្លែងហាងចិនខាងលើដែល មានសន្តិសុខយាមពីទៅបីនាក់ឃើញ ដូច្នោះជនសង្ស័យបានជិះហួសទៅមុខមួយសន្ទុះជិះបកមកវិញត្រូវបានអាវុធហត្ថចាប់បាន២នាក់ និងបក្សពួកឃើញសភាពការណ៍មិនស្រួលជិះម៉ូតូគេចខ្លួន បាត់ស្រមោល។
ក្រោយកើតហេតុអាវុតហត្ថពោធិ៏សែនជ័យបាន ដឹកជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងដើម្បីស្រាវជ្រាវរកបក្សពួកដែលនៅសល់ចាប់មកផ្ដន្ទាទោសតាមផ្លូវច្បាប់៕