រដ្ឋសភាជំរុញឲ្យពន្លឿនធ្វើសេចក្តីព្រាងច្បាប់ប្រឆាំងឧក្រិដ្ឋកម្មអ៊ីនធើណេត នៅកម្ពុជា

ភ្នំពេញ ៖ រដ្ឋសភាកម្ពុជាគាំទ្រឲ្យរដ្ឋាភិបាលរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីបទឧក្រិដ្ឋអ៊ីន​​ធើណែត​​​​ឲ្យ​​បានលឿនដើម្បីងាយស្រួល​​ទប់ស្កាត់បទល្មើសតាមបណ្តាញសង្គម​​ដែល​​បង្ករឲ្យ​ប៉ះ​​ពាល់​​ដល់ប្រទេសជាតិ និង​សិទ្ធប្រជាពលរដ្ឋ។

លោក ឈាង វុន សមាជិកអចិន្ត្រៃយ៍ និងជាអ្នកនាំពាក្យរដ្ឋសភាបា​​នមាន​​ប្រសាសន៍​​កាល​​​ពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៩ថា  ដល់ពេលដែលត្រូវបង្កើតច្បាប់នេះឡើងហើយ ខណៈ​​​​បច្ចុប្បន្ននេះបណ្តាញអ៊ីនធើណែត និងបណ្តាញទំនាក់ទំនងសង្គមកុំពុងរីកចំរើន និង​អាច​បង្ករ​ភាព​​​វឹកវរ ព្រោះឧក្រិដ្ឋជនតែងតែផ្សព្វផ្សាយព័ត៌មានមិនពិត និងប្រើប្រាស់បណ្តាញ​សង្គម​ទៅ​​​ប្រព្រឹត្តបទល្មើសផ្សេងៗ។

លោកបញ្ជាក់ថា ក្រសួង​មហាផ្ទៃ​​កំពុងរៀបចំដំណើដំណើរការតាក់តែងសេចក្តី​​ព្រាងច្បាប់​​ស្តីពីឧក្រិ​​ដ្ឋអ៊ីនធើណែតនេះ ដោយ​​រដ្ឋសភារង់ចាំពិនិត្យ និងអនុម័តគាំទ្រនៅពេល​​នីតិវិធី​​រៀបចំច្បាប់​នេះធ្លាក់ដល់ដៃរដ្ឋសភា។​

លោកបញ្ជាក់ថា នៅពេលច្បាប់នេះបានអនុម័តរួចរាល់ហើយ នឹងក្លាយជាឧបករណ៍​គតិយុត្តិ សម្រាប់​​ទប់ស្កាត់កាជួញដូរគ្រឿង​ញៀន​ ទប់​ស្កាត់ការជួញដូរមនុស្ស  និងបទល្មើស​​ឧក្រិដ្ឋកម្មផ្សេងៗជាច្រើនផងដែរ។

យោងតាមនីតិវិធីនៃការតាក់តែងច្បាប់មួយ​ដែលស្នើឡើងដោយ​​រាជដ្ឋាភិបាល ដំបូង ​មន្ត្រី​​​នី​​តិកម្ម​​ និងអ្នកពាក់ព័ន្ធ​​នៃក្រសួងជំនាញ​​ត្រូវរៀបចំ​​សិក្សាចង​ក្រងសេចក្តីពង្រាង​​ច្បាប់​​ ដើម្បី​សុំការគាំទ្រពីកិច្ច​​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី។ បន្ទាប់មក​ត្រូវបញ្ជូនសេចក្តីព្រាងច្បាប់​​ដែលគណៈ​រដ្ឋមន្ត្រីអនុម័តរួចទៅឲ្យរដ្ឋសភា​សិក្សាពិនិត្យ និងអនុម័ត ។  រដ្ឋសភា​អនុម័ត​រួច​​ហើយ​​ត្រូវ​​បញ្ជូន​​ទៅព្រឹទ្ធសភា ដើម្បីពិនិត្យ និងឲ្យយោបល់ រួចហើយ​​ឆ្លង​​ទៅ​​​​ក្រុម​ប្រឹក្សា​​ធម្មនុញដើម្បី​​ពិនិ​​ត្យធម្មនុញភាព។ ​បន្ទាប់​ពីនិត្យ​​​រួចរាល់​ហើយ​​​នឹង​ត្រូវដាក់​​ថ្វាយ​ព្រះម​ហាក្ស​​ត្រ​​ទ្រង់​​​​ឡាយ​​ព្រះហត្ថ​​លេ​ខាប្រកាសឲ្យ​ប្រើតាមពេល​វា​​ជាក់ស្តែង៕ ប្រភព : វិទ្យុជាតិកម្ពុជា