រដ្ឋបាលខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំខែ កក្កដា និងលើកទិសដៅអនុវត្តន៍ការងារបន្តខែសីហា

NSN/ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម គួច​ ចំរេីន​ អភិបាល​ នៃគណៈអភិបាល​ខេត្តព្រះសីហនុ បានបេីកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅអនុវត្តវគ្គបន្តរបស់រដ្ឋបាលខេត្ត។

ដែលមានការ អញ្ជើញចូលរួមពីសំណាក់ លោកអភិបាល អភិបាលរង ក្រុង ស្រុក លោកប្រធាន អនុប្រធាន មន្ទីរ អង្គភាពនានាក្នុងខេត្តព្រះសីហនុទាំងអស់ផងដែរ។ នៅក្នុងកិច្ចប្រជុំនេះ បានធ្វើនូវបទបង្ហាញអំពីការងារដែលបានសម្រេចនូវខែកក្កដា កន្លងទៅ របស់ មន្ទីរអង្គភាពនានាក្នុងខេត្តព្រះសីហនុ ព្រមទាំងបានពិនិត្យនូវការងារដែលបានដាក់ទិសដៅទាំង១៣ចំនុចសំខាន់ៗ ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែ មិថុនា កន្លងទៅ។  ព្រមទាំងបានអនុញ្ញាត្តអោយគ្រប់ការិយាល័យទាំងអស់នៃរដ្ឋបាលខេត្តព្រះសីហនុ រដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពនានាទាំងអស់ លើកឡើងនូវកត្តាដែលនាំអោយរាំងស្ទះការងារដើម្បីរកដំណោះ ស្រាយ។

បន្ថែមពីលើនេះ ដើម្បីឲ្យខេត្តព្រះសីហនុមានភាពរឹងមាំខាងវិស័យទេសចរណ៍ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានប្ដេជ្ញាថា៖ ត្រូវអនុវត្តទៅតាម  ទិសដៅការងារទាំង១៣ ចំនុចសំខាន់ៗ មានដូចជា៖ ទី​១៖ ប្តេជ្ញា​ខិតខំ​អនុវត្ត​អោយ​បាន​ម៉ឺងម៉ាត់​នូវ​រដ្ឋធម្មនុញ្ញ ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន និង​គោលការណ៍​ណែនាំ​នានា​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់​ចេញ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។
ទី​២៖ ប្តេជ្ញា​គោរព​គាំទ្រ និង​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា​។
ទី​៣៖ ខិតខំ​គោរព និង​អនុវត្ត​តាម​គោលការណ៍​ដឹកនាំ​ចង្អុលបង្ហាញ និង​រាល់​ការ​ផ្តល់​នូវ​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ក្រសួង​នានា​ឱ្យ​បាន​ល្អ ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​ដឹកនាំ​ប្រកបដោយ​ប្រសិទ្ធភាព​តម្លាភាព​ក្នុង​ការ​បំពេញ ភារកិច្ច​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ។
ទី៤៖ បន្ត​ការ​ខិតខំ​ទប់ស្កាត់ លុប​បំបាត់​រាល់​បាតុភាព​អសកម្ម​នានា​ទាំងឡាយ​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់ បង្ក​ការ​ថ្នាំងថ្នាក់​ដល់​ប្រជាពលរដ្ឋ​ ។
៥-ចូលរួម​ចំណែក​លើកកំពស់​ជីវភាព រស់នៅសុខុមាលភាព​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​ពិសេស​អនុសាសន៍​សម្តេច​តេ​ជោ «​ពង្រឹង​ការ​អនុ​វត្ត​ច្បាប់ គ្មាន​ការ​លើកលែង​»​។
ទី​៦៖ យកចិត្តទុកដាក់​រៀបចំ​កសាង និង​អភិវឌ្ឍន៍​លើ​វិស័យ​នានា​ក្នុង​ខេត្ត ពិសេស​ការ​រៀបចំ​កែ​លំអរ​សោភ័ណ​ភាព​ទីក្រុង​ឆ្នេរសមុទ្រ និង​ទីប្រជុំជន​ក្នុង​ការ​ចូលរួម​ប្រលងប្រណាំង ទីក្រុង​ស្អាត ធានា​បាន​នូវ​បរិស្ថាន​ល្អ ប្រកបដោយ​សក្តានុពល​សេដ្ឋកិច្ច​សង្គម លើក​ស្ទួយ​ជីវភាព​រស់នៅ​ប្រកបដោយ​វិបុលភាព ផា​សុខភាព​សុខមាលភាព​ជូន​ប្រជាជន​ទូ​ទាំង​ខេត្ត​ប្រកបដោយ​ចីរភាព​និង​បរិ​យា​ប័ន្ន​។
ទី​៧៖ ជំរុញ​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​បន្ត​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម រក្សា​ស្ថេ​រ​ភាព​នយោបាយ និង​ភាព​សុខដុម​នី​យ​កម្ម​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត យកចិត្តទុកដាក់ អនុវត្ត​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​មុត​ស្រួច ជា​ពិសេស​គោលនយោបាយ​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ​ដើម្បី​ការ​អភិវឌ្ឍន៍ តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ ស្រប​តាម​កម្មវិធី​ជាតិ រយៈពេល១០​ឆ្នាំ ផែនការ​យុទ្ធសាស្ត្រ រយៈពេល ៥​ឆ្នាំ និង​កម្មវិធី​វិនិយោគ ៣​ឆ្នាំ​រំកិល ក្នុង​តំណាក់កាល​បន្ត​ឲ្យ​ទទួល​បាន លទ្ធផល​ជា​វិជ្ជមាន​។
ទី​៨៖ ពង្រឹង​ថែរក្សា​ស្មារតី​សាមគ្គី ឯកភាព​ផ្ទៃក្នុង ជួរ​គណៈ​អភិបាល​បង្កើត​ទំនាក់ទំនង​ល្អជា​មួយ​ក្រុម​ប្រឹក្សា រួម​ទាំង​ក្រសួង ស្ថាប័ន​អង្គភាព​ពាក់ព័ន្ធ អង្គការ​ដៃគូរ​អភិវឌ្ឍ ។
៩-លើកកំពស់​សមត្ថភាព​មន្ត្រីរាជការ​ស៊ី​វិល មន្ត្រី​ជំនាញ កងកម្លាំងប្រដាប់អាវុធ ដើម្បី​ធានា​ឱ្យ​រដ្ឋបាល​ខេត្ត​អនុវត្ត​មាន​ភាព​រលូន ពង្រឹង​ការ​គ្រប់គ្រង​ស្ថិតិ​ប្រជាពលរដ្ឋ​គ្រប់គ្រង​ស្ថិតិ​ជនអន្តោប្រវេសន៍ កម្មករ​ចំណាកស្រុក​ឱ្យ បាន​ច្បាស់លាស់​។
ទី១០-ចូលរួម​សហ​ប្រត្តិការ​អនុវត្ត សេចក្តីសម្រេច​ស្តី​ពី​ការ​បង្កើត​គណៈ​ក​ម្មា​ការ​ត្រួតពិនិត្យ​គុណភាព​សំណង់ នៅ​ខេត្ត​ព្រះ​សីហ​នុ​សំដៅ​ត្រ​ត​ពិនិត្យ​បទដ្ឋាន បច្ចេកទេស បទដ្ឋាន​គតិយុត្តិ ស្តង់ដារ​សំណង់ ស្តង់ដារ​សុវត្ថិ​ភាព និង​គុណភាព​សំណង់ ព្រមទាំង​ត្រ​ត​ពិនិត្យ​លក្ខណៈសម្បត្តិ​របស់​ក្រម​ទទួល​ម៉ៅ​ការ​សាងសង់​។
ទី​១១៖ ដឹកនាំ​មន្ត្រីរាជការ មន្ត្រី​ជំនាញ ដើម្បី​ធ្វើការ​អភិវឌ្ឍ​មូលដ្ឋាន និង​បម្រើសេវា​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ​ប្រសើរ​។
ទី​១២-សម្របសម្រួល​ស្ថាប័ន​មាន​សមត្ថកិច្ច ដើម្បី​ដោះស្រាយ និង​ស្វែង​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ និង ទី១៣-ត្រៀមកម្លាំង​អន្តរាគមន៍ សម្រាប់​ដោះស្រាយ គ្រោះ​មហន្តរាយ និង​បញ្ហា​ផ្សេង​ៗ ដែល​អាច​កើត​មាន​​ឡើងជា​យថាហេតុ​។

ឯកឧត្តម គួច ចំរើន បាន មានប្រសាសន៍បន្ថែម ថា៖ គ្រប់មន្ទីរ-អង្គភាពជំនាញជុំវិញខេត្តទាំងអស់ ស្ថាប័នតុលាការ កងកម្លាំងប្រដាប់អាវុធ ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវ​បន្តអនុវត្ត​​គោលការ​ណ៍ ៣ធំៗ គឺ១.គោលការណ៍ពង្រឹងច្បាប់ ២.ការ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី និង​ ៣.​ជម្រុញ​ការ​ដោះ​ស្រាយការងារបរិស្ថាន និងសណ្តាប់ធ្នាប់​សាធារ​ណៈ សុវត្ថិភាព​សាធារណៈ។  ៕