រាជធានីភ្នំពេញ ៖ មានករណីបុរសម្នាក់បានដួលស្លាប់នៅនឹងកន្លែង ដោយមិនដឹងមូលហេតុ ខណៈពេលដែលបុរសរងគ្រោះរូបនោះកំពុងដើរទិញបន្លែក្នុងផ្សារច្បារអំពៅ បង្កអោយមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្សារបន្លែច្បារអំពៅ ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បុរសរងគ្រោះម្នាក់ខាងលើមិនស្គាល់ឈ្មោះនោះទេ ជាជនជាតិចិន មានអាយុ៤១ឆ្នាំ ។ ក្រោយកើតហេតុ គេសង្គេតឃើញមានវត្តមានប្រពន្ធ និងកូន បានមកដល់កន្លែងកើតហេតុផងដែរ។
តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើដើរទិញបន្លែក្នុងផ្សារតែម្នាក់ឯង ដោយមានស្ពាយសាក់កាដូនៅជាប់នឹងខ្លួនផងដែរ។ លុះពេលកំពុងដើរសុខៗ ស្រាប់តែដួលទៅលើដីដោយមិនដឹងមូលហេតុ។ ក្រោយពេលឃើញហេតុការណ៍បែបនេះកើតឡើង ក្រុមអាជីវករ និងក្រុមសន្តិសុខផ្សារ បាននាំគ្នាជួយសង្គ្រោះបឋមដែរ ប៉ុន្តែពេលគេស្ទាបដង្ហើម ទើបដឹងថា បុរសរងគ្រោះរូបនោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ និងរាយការណ៍ជូននគរបាលមូលដ្ឋាន ដើម្បីចុះមកពិនិត្យកន្លែងកើតហេតុ។
ក្រោយទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ សហការជាមួយនគរបាលបច្ចេកទេសចុះមកដល់ទីតាំងកើតហេតុខាងលើ និងដឹកសពបុរសរងគ្រោះយកទៅកាន់វត្តស្ទឹងមានជ័យ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច្ច័យនៅទីនោះ រកមូលហេតុនៃការស្លាប់របស់ជនរងគ្រោះ។
បច្ចុប្បន្ននេះ គេពុំទាន់ដឹងថា បុរសរងគ្រោះខាងលើបាត់បង់ជីវិតដោយសារមូលហេតុអ្វីអោយពិតប្រាកដនៅឡើយទេ៕