នារីម្នាក់ ដែលត្រូវម្តាយចុងវាយធ្វើបាបជាញឹកញាប់នោះ ពេលនេះបានទទួលការអន្តរាគមន៍ពីលោកអភិបាលរាជធានីភ្នំពេញហើយ!

ភ្នំពេញ៖ ក្រោយពីមានការចង្អុលណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទានរាជធានីភ្នំពេញ បានចុះទៅពិនិត្យភ្លាមលើករណីនារីវ័យក្មេងម្នាក់ដែលរងគ្រោះដោយហឹង្សាជាញឹកញាប់ពីសំណាក់ម្តាយចុងដល់ទីកន្លែង ហើយបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង រួចបន្តបញ្ជូនបន្តទៅទីតាំងសុវត្ថិភាព ដើម្បីផ្តល់សេវាផ្សេងៗពីអង្គការពាក់ពន្ធ័ផងដែរ ។

គួរបញ្ជាក់ថា នារីម្នាក់ដែលរងគ្រោះដោយសារម្តាយចុងវាយធ្វើបាបជាញឹកញាប់នោះមានឈ្មោះ ស ស ព អាយុ ២៤ឆ្នាំ រស់នៅតាមបណ្ដោយផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជាមួយគ្នានោះដែរ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជួយឧបត្ថម្ភថវិកាផ្ទាល់ខ្លួនរបស់លោក ចំនួន ១លានរៀល ព្រមទាំងអោយមន្ទីរជំនាញយកចិត្តទុកដាក់ធ្វើយ៉ាងណាផ្ដល់ការព្យាបាលសុខភាពទាំងផ្លូវកាយផ្លូវចិត្តដល់នារីរងគ្រោះទៀតផង ៕