ចុះបង្ក្រាប​ទីតាំង​កែច្នៃ​ឈើ​ខុសច្បាប់​និង​ដកហូត​វត្ថុតាង​មួយចំនួនធំ​

ខេត្តព្រះវិហារ​៖ ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ចំបក់​សែន​ជ័យ ឃុំ​កន្ទួតស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​ត្រូវ​សមត្ថកិច្ច​ចុះបង្ក្រាប​និង​ដកហូត​វត្ថុតាង​មួយចំនួនធំ​ដើម្បី​បញ្ជូនទៅ​តុលាការ​ចាត់ការ​ទៅតាម​ច្បាប់​។​

​លោក វុ​ធ សា​វី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៨ ខែមករា​នេះ ថា លោក​បាន​ដឹកនាំ​កម្លាំងចម្រុះ​មាន​មន្ត្រីនគរបាល​, នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត​, នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត​។​

​កម្លាំង​សមត្ថកិច្ច​បាន​ចុះបង្ក្រាប​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​មួយកន្លែង​ក្នុងស្រុក​ជាំ​ក្សាន្ត​នេះ​ជា​លទ្ធផល​បាន​រឹបអូស​វត្ថុតាង​រួមមាន​៖ ម៉ាស៊ីន​វាល​តាប​ឈូស​, និង​ឈើ​គ្រប់​ប្រភេទ​ជាច្រើន​ម៉ែត្រគូប​ទៀត​រួច​បញ្ជូនទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត​ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​។​

​លោក វុ​ធ សា​វី បាន​បន្តថា ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​នេះ​គឺ​ឈ្មួញ​ជួល​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​។​
​ស្របពេល​ដែល​លោក​ដឹកនាំ​កម្លាំង​ចុះទៅ​គឺ​ឈ្មួញ​បាន​ឈប់​បណ្តោះអាសន្ន​ដោយ​បន្សល់ទុក​នូវ​សម្ភារ​និង​ឈើ​ចម្រុះ​ជាច្រើន​ប្រភេទ​។​

​លោក​បន្តថា ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​នៅ​កន្លែង​ណាក៏ដោយ​ដែល​គ្មាន​ច្បាប់​ការអនុញ្ញាត​ត្រឹមត្រូវ​ទេនោះ គឺ​ត្រូវតែ​ចុះបង្ក្រាប​។​

​វត្ថុតាង​ទាំងអស់នេះ​ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត​៕​