សៀមរាប ៖ ជនសង្ស័យម្នាក់ ដែលគេស្គាល់ថា ជាអភិបាលរងខណ្ឌ៧មករា ត្រូវបានស្ត្រីជាប្រពន្ធ ប្តឹងទៅសមត្ថកិច្ច ឲ្យចាប់ឃាត់ខ្លួន រួមជាមួយស្រីស្នេហ៍ ពាក់ព័ន្ធនឹងអំពើ « ផិតក្បត់ » កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី៣០ មករា ២០២១ ខណៈជនសង្ស័យ កំពុងនៅជាមួយស្រីស្នេហ៍ រស់នៅក្នុងខុនដូមួយកន្លែង ក្នុងខេត្តសៀមរាប ។
យោងតាមផេកផ្លូវការ របស់កងរាជអាវុធហត្ថខេត្តសៀមរាប (GRK Siem Reap Page ) បានឲ្យផ្សព្វផ្សាយឲ្យដឹងថា ដោយបានការអនុញ្ញាត ពីលោកឧត្តសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកង រាជអាវុធហត្ថខេត្តសៀមរាប នៅវេលាម៉ោង២៣:៣០នាទី ថ្ងៃទី៣០ខែមករា ឆ្នាំ២០២១ កំលាំងការិយាល័យប្រឆាំងការជួញដូរមនុស្សចំនួន០៨នាក់ដឹកនាំដោយលោកវរសេនីយ៍ឯក ថា ដាលុចមេបញ្ជាការរងទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានចុះដល់បន្ទប់Condoមួយកន្លែង ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
ប្រភពបន្តថា ខណៈនោះកំលាំងជំនាញ ឃើញឈ្មោះ ហេង បូឡែន ភេទស្រី អាយុ២៥ឆ្នាំ រស់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យរាជធានីភ្នំពេញ និងឈ្មោះហៀក ចាន់លាង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមន្រ្តីរាជការ កំពុងតែ នៅក្នុងបន្ទប់ជាមួយគ្នា ដោយមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តសៀមរាប កំលាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការនាំខ្លួនបុរស-ស្តី្រទាំង២នាក់ មកការិយាល័យជំនាញ ដើម្បីសាកសួរ ពាក់ព័ន្ធនឹងអំពើផិត។
ក្រោយពីការស្តាប់ចម្លើយ របស់ការិយាល័យជំនាញ និងដោយមានបញ្ជាពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កំលាំងជំនាញ បានធ្វើការឃាត់ខ្លួន ឈ្មោះហៀក ចាន់លាង ភេទប្រុស កសាងសំណុំរឿង បញ្ជួនមកសាលាដំបូងខេត្តសៀមរាប ចំណែកឈ្មោះ បូឡែន ភេទស្រី អាយុ២៥ឆ្នាំ(ស្រីស្នេហ៍) ត្រូវបានអនុញ្ញាត អោយត្រលប់ទៅលំនៅដ្ឋានវិញ ។
សូមបញ្ជាក់ថា ការឈានទៅដល់ការបង្រា្កបនេះ ដោយសារតែមានបណ្តឹងពីស្រ្តី ជនរងគ្រោះឈ្មោះ ជ.ក.រ.ណ ភេទស្រី អាយុ៤១ឆ្នាំមុខរបរមន្រ្តីរាជការ ទីលំនៅបច្ចុប្បន្នភូមិបឹងឈូក សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ត្រូវជាប្រពន្ធស្របច្បាប់របស់ជនសង្ស័យ)។ ដោយឡែកតាមប្រភពដដែលបានឲ្យដឹងថា ឈ្មោះ ហៀក ចាន់លាង មានតួនាទីជា អភិបាលរង ខណ្ឌ៧មករា រាជធានីភ្នំពេញ ៕