មីយ៉ាន់ម៉ា៖ យោធាមីយ៉ាន់ម៉ាបញ្ជាក់ថា ខ្លួនបានឡើងគ្រប់គ្រងប្រទេសបន្ត បន្ទាប់ពីលោកស្រី អ៊ុងសាន ស៊ូជី និងមេដឹកនាំនយោបាយដទៃទៀត ត្រូវបានចាប់ឃុំខ្លួនក្នុងការឆ្មក់ចូលពីសំណាក់កងយោធានាពេលព្រឹកព្រលឹមនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ ការធ្វើរដ្ឋប្រ.ហារនេះចាប់ផ្តើមឡើង បន្ទាប់ពីមានភាពតានតឹងរវាងរដ្ឋាភិបាលស៊ីវិលនិងយោធា ដោយសារតែមានជម្លោះឆ្នោត។ ហើយនៅរយៈប៉ុន្មានម៉ោងបន្ទាប់ពីការចាប់ខ្លួនមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី និងឥស្សរជនជាន់ខ្ពស់មកពីគណបក្សកាន់អំណាច ទូរទស្សន៍យោធាមីយ៉ាន់ម៉ាបានធ្វើការប្រកាសស្ថានភាពអាសន្ន រយៈពេលមួយឆ្នាំតែម្តង។
មីយ៉ាន់ម៉ា ឬដែលគេស្គាល់ថាជាប្រទេសភូមា ត្រូវបានគ្រប់គ្រងដោយកងកម្លាំងយោធា រហូតដល់មានការធ្វើកំណែទម្រង់ប្រជាធិបតេយ្យក្នុងឆ្នាំ ២០១១។ នៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ លោកស្រី អ៊ុងសាន ស៊ូជី មកពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) បានឈ្នះអាសនៈគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាល។ ប៉ុន្តែផ្ទុយទៅវិញ គណបក្សគាំទ្រដោយកងទ័ពយោធាបានអះអាងថា ការបោះឆ្នោតនោះ គឺមានការក្លែងបន្លំ។
គួរបញ្ជាក់ថា ក្រោយការធ្វើរដ្ឋប្រហារនេះ កងទ័ពជាច្រើនត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវ ក្នុងរដ្ឋធានីណៃពិដោ និងទីក្រុងយ៉ាងហ្គន។ ដោយឡែក បណ្ដាញទូរស័ព្ទ ប្រព័ន្ធអ៊ីនធើណិត នៅក្នុងរដ្ឋធានីសំខាន់ៗត្រូវបានកាត់ផ្ដាច់ ខណៈដែលបណ្តាញទូរទស្សន៍រដ្ឋ MRTV និយាយថា ខ្លួនកំពុងមានបញ្ហាបច្ចេកទេស និងមិនអាចផ្សព្វផ្សាយបាន៕