រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ប្រចាំខែមករា និងលើកទិសដៅភារកិច្ចបន្ត ដើម្បីពង្រឹងការអនុវត្តការងារ

រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ប្រចាំខែមករា និងលើកទិសដៅភារកិច្ចបន្ត ដើម្បីពង្រឹងការអនុវត្តការងារ។កិច្ចប្រជុំនេះ រៀបចំធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងមានការចូលរួមពី លោក លោកស្រី អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធបីប្រភេទ លោក-លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត នាថ្ងៃទី ២ខែមករា ឆ្នាំ២០២១។

រដ្ឋបាលខេត្តស្ទឹងត្រែង បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ការងារប្រចាំខែមករា ឆ្នាំ២០២១ និងលើកទិសដៅភារកិច្ចបន្ត ក្នុងគោលបំណង ពង្រឹងការអនុវត្តការងារ ឲ្យកាន់តែមានប្រសិទ្ធិភាព ទៅតាមផែនការយុទ្ធសាស្ត្រ ដែលបានកំណត់ សម្រាប់អភិវឌ្ឍន៍ខេត្តស្ទឹងត្រែង ឲ្យកាន់តែមានការរីកចម្រើន។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តបានវាយតម្លៃខ្ពស់ និង កោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរជំនាញ អង្គភាពក្រុងស្រុក និងមន្ត្រីរាជការ ដែលបានខិតខំប្រឹង អស់កម្លាំងកាយចិត្ត ក្នុងកាអនុវត្តការងារសហការគ្នា យ៉ាងសកម្មក្នុងការចូលរួមអភិវឌ្ឍន៍ខេត្ត និងចូលរួមអនុវត្តនូវគោលនោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនាំឲ្យខេត្តស្ទឹងត្រែងមានសន្តិសុខសណ្តាប់ធ្នាប់និងរីកចម្រើនជាបន្តបន្ទាប់។

ឯកឧត្តម បន្ថែមថារដ្ឋបាលខេត្តបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការដាក់ទឹសដៅអភិវឌ្ឍន៍ឲ្យស្របនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ដែលជាចរន្តដង្ហើមសេដ្ឋកិច្ចរបស់ជាតិនិងប្រជាពលរដ្ឋ ។
ឯកឧត្តមបន្តថាសម្រាប់ផែនការអនុវត្តជាបន្តបន្ទាប់នេះ ខេត្តនិងធ្វើជួសជុលកែលម្អឡើងវិញនូវហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ ដែលរងនូវការខូចខាតទូទាំងខេត្តស្ទឹងត្រែង ដើម្បីបង្ករលក្ខណៈងាយស្រួល ក្នុងការធ្វើដំណើរ ព្រមទាំងបន្តបង្កើនការផ្តល់នូវសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកានតែល្អប្រសើ យកចិត្តទុកដាក់ខ្ពស់ ពីបញ្ហាសុខភាព សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ដោះស្រាយឲ្យបានទាន់ពេលវេលានូវបញ្ហាប្រឈមដែលកើតឡើងក្នុងមូលដ្ឋាន និងបន្តផ្សព្វផ្សាយដល់ឲ្យបានយល់ដឹងនិងប្រុងប្រយ័ត្នជានិច្ចអំពីគ្រោះថ្នាក់នូវជំងឹកូវីដ១៩។

នាឱកាសនោះ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត ជុំរុញឲ្យកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រូវសហការគ្នាយ៉ាងជិតស្និត ជាមួយអាជ្ញាធរមូលដ្ឋាន ក៏ដូចមន្ទីរជំនាញ បង្រ្កាបបទល្មើសផ្សេងៗ ឲ្យបានទាន់ពេលវេលា ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ គ្រប់មូលដ្ឋានទាំងអស់ ទៅតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព៕