មន្ត្រីជំនាញ ចុះផាកពិន័យយានយន្តមិនបង់ពន្ធផ្លូវឆ្នាំ២០២០

ខេត្តមណ្ឌលគិរី៖ សាខាពន្ធដារខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងនគរបាល និងអាវុធហត្ថខេត្ត បានចុះត្រួតពិនិត្យផាកពិន័យ លើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ ដែលមិនបានបង់ពន្ធតាមកាលកំណត់។ ដោយប្រតិបត្តិការនេះធ្វើឡើងចាប់ពីថ្ងៃទី០១ កុម្ភៈ ២០២១ រហូតដល់ថ្ងៃ៣១ មីនា ២០២១។

លោក វ៉ាន វិចិត្រ អនុប្រធានការិយាល័យសវនកម្មពន្ធនៃសាខាពន្ធដារខេត្តមណ្ឌលគិរី បានឲ្យដឹងនៅថ្ងៃទី០២ កុម្ភៈនេះថា រយៈពេល២ថ្ងៃ ក្នុងសកម្មភាពចុះផាកពិន័យនេះ មន្រ្តីជំនាញ កត់សម្គាល់ឃើញថា យានយន្តរបស់ប្រជាពលរដ្ឋភាគច្រើនគឺសុទ្ធតែ បានបង់ពន្ធផ្លូវត្រឹមត្រូវ មានភាគតិចប៉ុណ្ណោះ ដែលពលរដ្ឋមិនបានបង់ពន្ធ និងត្រូវផាកពិន័យ។ លោក វ៉ាន វិចិត្រ បន្តថា ចំពោះយានយន្តមធ្យោបាយដឹកជញ្ជូនដែលពុំបានបង់ពន្ធក្នុងឆ្នាំ២០២០ ឬបណ្ដាឆ្នាំកន្លងមក និងត្រូវផាកពិន័យ ដោយពុំមានការអនុគ្រោះនោះទេ ហើយការផាកពិន័យនេះធ្វើឡើងត្រឹមត្រូវតាមច្បាប់ ដោយមានការចេញចុងសន្លឹកពន្ធ ឲ្យប្រជាពលរដ្ឋនៅកន្លែងពិន័យតែម្ដង។

ប្រធានសាខាពន្ធដារខេត្តមណ្ឌលគិរី លោក អ៊ឹង តិចណិញ បានឲ្យដឹងដែរថា មន្ត្រីជំនាញ បានចាប់ផ្ដើមផាកពិន័យទៅលើម្ចាស់យានជំនិះ ដែលមិនបានបង់ពន្ធយានជំនិះរបស់ខ្លួន ឬហៅមិនបានបង់ពន្ធផ្លូវ ដោយការផាកពិន័យនេះ គឺម្ចាស់យានជំនិះទាំងនោះ ត្រូវបង់ថ្លៃពន្ធគុណពីរ នៃតម្លៃពន្ធធម្មតា។ ប្រធានសាខាពន្ធដារខេត្ត មណ្ឌលគិរី បញ្ជាក់ថា ប្រតិបត្តិការនេះនឹងធ្វើឡើងរយៈពេល២ខែ ហើយពេលនេះក្រុមមន្ត្រីជំនាញកំពុងអនុវត្តការផាកពិន័យ នៅក្នុងក្រុងសែននោរម្យ ដោយនឹងបន្តទៅបណ្ដាស្រុកផ្សេងទៀតនៅពេលខាងមុខ រហូតគ្រប់រយៈពេល២ខែ ។ លោក អ៊ឹង តិចណិញ បានឲ្យដឹងទៀតថា នៅក្នុងឆ្នាំ២០២០កន្លងទៅ សាខាពន្ធដារខេត្តមណ្ឌលគិរី ប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ បានចំនួនជិត២ពាន់លានរៀល ស្មើនិង១៥១.១០%នៃផែនការ ហើយតួលេខនេះបើធៀបនិងឆ្នាំ២០១៩ មានការថយចុះ១០.៧៨%។

លោក អ៊ឹង តិចណិញ បញ្ជាក់ថា ចំពោះប្រតិបត្តិការចុះត្រួតពិនិត្យ និងផាកពិន័យលើពន្ធយានជំនិះនៅទូទាំងខេត្តមណ្ឌលគិរី គឺមន្ត្រីជំនាញអនុវត្តទៅលើគ្រប់ប្រភេទយានជំនិះ មិនថារថយន្តស្លាកលេខធម្មតា ស្លាកលេខ ខម ឬ នប គឺត្រូវអនុវត្តផាកពិន័យទាំងអស់ ប្រសិនបើម្ចាស់យានជំនិះទាំងនោះ មិនបានបង់ពន្ធទាន់ពេលវេលា ពោលគឺមធ្យោបាយ ដឹកជញ្ជូន និងយានជំនិះ ដែលមិនបានបង់ពន្ធ ក្រោយថ្ងៃទី៣១ វិច្ឆិកា ២០២០៕ដោយៈជឹម បញ្ហា