ខេត្តសៀមរាប ៖ មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប នៅថ្ងៃទី១៤ ខែសីហា នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង បន្តទទួលការឧបត្ថម្ភនូវអង្ករចំនួន ១០តោន ក្នុងមួយឆ្នាំៗ រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ពីក្រុមហ៊ុនវីតាល់ ។
ថ្លែងនៅក្នុងពិធីចុះកិច្ចព្រមពៀងឧបត្ថម្ភអង្ករ ដែលបានធ្វើឡើងនៅក្នុងមន្ទីរពេទ្យកុមារអង្គរ ក្រុងសៀមរាប លោក ទេព ណាវី នាយកប្រត្តិបត្តិការ នៃមន្ទីពេទ្យកុមារអង្គរ បានថ្លែងអំណរដល់ក្រុមហ៊ុន វីតាល់ដែលជាក្រុមហ៊ុនជាតិគំរូ ផ្តោតសំខាន់នឹងយកចិត្តទុកដាក់ដល់កម្មវិធីមនុស្សធម៌ ជាពិសេសគឺការផ្តល់ជំនួយ ជម្រុញដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ តាមរយៈការជួយឧបត្ថម្ភអង្ករនេះ ក៏ជាការលើកទឹកចិត្ត ដល់មន្ទីរពេទ្យ និងក្រុមការងារឲ្យកាន់តែមានទឹកចិត្តបម្រើសេវាកម្មពិនិត្យព្យាបាលកាន់តែល្អប្រសើរដល់កុមារកម្ពុជា។
លោក ជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុនវីតាល់ បានមានប្រសាសន៍ថា ក្រុមហ៊ុនវីតាល់ គឺជាក្រុមហ៊ុនដែលយកចិត្តទុកដាក់លើសកម្មភាពភាពមនុស្សធម៌ ក្រុមការងារយើងយល់ដឹងពីគុណតម្លៃ នៃមន្ទីរពេទ្យកុមារអង្គរ ដែលបានធ្វើការយ៉ាងសកម្មជួយសង្គ្រោះជីវិតកុមារកម្ពុជាក្នុងមួយថ្ងៃៗរាប់រយរាបពាន់នាក់។ ដូច្នេះហើយទើប ក្រុមហ៊ុនទឹកសុទ្ធវីតាល់តែងតែផ្តល់ជំនួយដល់មន្ទីរពេទ្យកុមារអង្គរអស់ រយៈពេលជាង៣ឆ្នាំមកហើយ ដោយបានផ្តល់ជាអំណោយអង្ករ១០តោននិងផលិតផលវីតាល់នៅឆ្នាំ២០១៦កន្លងមក។
លោកបញ្ជាក់ថា ថវិការជិត១ម៉ឺនដុល្លារទទួលបានមកពីគម្រោង «អ្នកជាវីរ:បុរស» ដែលបានបិទបញ្ចប់កាលពីខែឧសភា ឆ្នាំ២០១៩កន្លងទៅនោះ។ ជាងនេះទៅទៀត វីតាល់ក៏បានបន្តគាំទ្រ ក្នុងការចុះកិច្ចព្រមព្រៀងឧបត្ថម្ភជាអង្ករចំនួន១០តោន ក្នុងមួយឆ្នាំៗ រយៈពេលរហូតដល់ទៅ៣ឆ្នាំបន្ថែមទៀត ។ លើសពីនេះមូលនិធិ២៥៛ របស់វីតាល់ នឹងបន្តពង្រឹងវិសាលភាព នៃសកម្មភាពមនុស្សធម៌ ជាច្រើនរូបភាពបន្ថែមទៀត ដើម្បីអតិថិជន សង្គម និងការអភិវឌ្ឍជានិរន្តរភាព សម្រាប់ថ្ងៃអនាគត ៕