ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែសីហា នេះ បានដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយ ទាក់ទិន និងការគ្រប់គ្រងជនបរទេស ការស្នាក់នៅ ពិសេស គឺបញ្ហាសន្តិសុខ នៅតាមបណ្ដាបុរី និង ខុនដូ នៅក្នុងរាជធានីភ្នំពេញ ដែលកិច្ចប្រជុំនេះ បានធ្វើឡើងនៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ មន្ទីរជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធក្នុងរាជធានីភ្នំពេញជាច្រើនរូប។
ក្នុងកិច្ចប្រជុំនេះ លោក ឃួង ស្រេង បានលើកឡើងផ្ដោតទៅលើបញ្ហា នៃការមិនចូលរួមពីខាងសន្តិសុខឯកជន តាមបុរី និង ខុនដូ មួយចំនួន ដែលមិនបានសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន ដូចជា មិនផ្ដល់ព័ត៌មាននានា មកជំនាញសមត្ថកិច្ច មិនអនុញ្ញាតឱ្យសមត្ថកិច្ច ឬអាជ្ញាធរ ចេញចូល បុរី ឬ ខុនដូ ដែលជាហេតុធ្វើឱ្យប៉ះពាល់ ដល់ការគ្រប់គ្រងការស្នាក់ នៅរបស់ពលរដ្ឋ ការរក្សាសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋាន និងក្ដាប់សភាពការណ៍ មិនគ្រប់ជ្រុងជ្រោយជាដើម។
លោកអភិបាល ក៏បានបញ្ជាឱ្យខណ្ឌទាំងអស់ ផ្តល់នូវរបាយការណ៍ប្រចាំខែ អំពីការងារត្រួតពិនិត្យ គ្រប់គ្រងជនបរទេស រស់នៅតាមខុនដូរ សណ្ឋាគារ បុរី និងក្នុងផ្ទះសំណាក់ និងការងាររក្សាសន្តិសុខក្នុងមូលដ្ឋានគ្រប់គ្រងតាមខណ្ឌនិមួយ ដែលគណៈបញ្ជាការឯកភាពរាជធានីបានប្រជុំដាក់ចេញនូវផែនការកាលពីពេលថ្មីៗកន្លងទៅនេះ ជាពិសេសលទ្ធផលនៃការអនុវត្តនូវបទបញ្ជារបស់ក្រសួងមហាផ្ទៃ ដែលតម្រូវឱ្យមានការបង្កើនប្រជាកាពារឡើងវិញនៅតាមសង្កាត់និមួយថាតើមកដល់ពេលនេះទទួលបានលទ្ធផលបែបណាហើយ។
គួររំឡឹកផងដែរថា កន្លងមកនេះ ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំ ស្តីពីការគ្រប់គ្រងវត្តមានជនបរទេសក្នុងប្រទេសកម្ពុជា ដើម្បីអនុវត្ដច្បាប់ស្តីពីអន្តោប្រវេសន៍ឱ្យមានប្រសិទ្ធភាព។ ក្រសួងមហាផ្ទៃក៏បានពិនិត្យឃើញថា មានម្ចាស់ឬអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទជាច្រើន បានអនុវត្តតាមសេចក្តីណែនាំដោយស្មារតីភ្ញាក់រលឹករួសរាន់និងការទទួលខុសត្រូវខ្ពស់ប៉ុន្តែនៅមានម្ចាស់ឬអ្នកកាន់កាប់លំនៅដ្ឋានមួយចំនួន ពុំទាន់យល់អំពីកាតព្វកិច្ចនិងអនុវត្តត្រឹមត្រូវតាមការកំណត់នៃច្បាប់និងលិខិតបទដ្ឋានគតិយុត្តនៅឡើយ។
ដើម្បីពង្រឹងការអនុវត្តច្បាប់ ស្តីពីអន្តោប្រវេសន៍ សំដៅបង្កើនការគ្រប់គ្រងវត្តមាននៃការស្នាក់នៅរបស់ជនបរទេស ឱ្យមានប្រសិទ្ធភាពខ្ពស់ ធានាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក៏ដូចជាសុវត្ថិភាពផ្ទាល់របស់ជនបរទេសគ្រប់រូប ដែលស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួងមហាផ្ទៃបានធ្វើការណែនាំឱ្យម្ចាស់ឬអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ត្រូវរាយការណ៍អំពីវត្តមានជនបរទេស ដែលបានចូលមកស្នាក់នៅក្នុងទីតាំងរបស់ខ្លួនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់នៅក្នុងមូលដ្ឋាន ហើយសមត្ថកិច្ចពាក់ព័ន្ធត្រូវផ្តល់កិច្ចសហការធ្វើកិច្ចការនេះឱ្យមានប្រសិទ្ធភាពនិងផ្តល់របាយការណ៍ឱ្យបានទៀងទាត់។
ចំពោះម្ចាស់ ឬអ្នកកាន់កាប់លំនៅដ្ឋានណា ដែលមិនបានរាយការណ៍ ពីវត្តមាន នៃការស្នាក់នៅរបស់ជនបរទេស តាមការកំណត់នៃច្បាប់និងបទដ្ឋានគតិយុត្តនានា នឹងត្រូវផ្តន្ទាទោសតាមបទប្បញ្ញតិ ដែលមានចែងក្នុងច្បាប់ ស្តីពីអន្តោប្រវេសន៍ និងច្បាប់ផ្សេងៗទៀត នៃព្រះរាជាណាចក្រកម្ពុជា៕