តំណាងនិយោជក និងសហជីព ស្នើកាត់បន្ថយថ្ងៃឈប់សម្រាកប្រចាំចំនួន ៤ថ្ងៃបន្ថែមទៀត

ភ្នំពេញ ៖ តំណាងនិយោជក និងតំណាងសហជីពជាតិ បានស្វាគមន៍ចំពោះកំណែ ទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្នុងការកាត់ចំនួនថ្ងៃឈប់សំរាកចំនួន ៦ថ្ងៃ ចេញពីប្រតិទិនឈប់សំរាកប្រចាំឆ្នាំ២០២០ និងស្នើឲ្យរដ្ឋាភិបាលកម្ពុជា កាត់បន្ថយថ្ងៃឈប់សម្រាក ៤ថ្ងៃបន្ថែមទៀត ខណៈថ្ងៃឈប់សម្រាកឆ្នាំក្រោយត្រូវបានរដ្ឋាភិបាលកាត់បន្ថយមក ត្រឹម២២ថ្ងៃ ដែលការកាត់នោះដោយទាំង ថ្ងៃ១០ធ្នូ ទិវាសិទ្ធិមនុស្ស និង២៣តុលាជាថ្ងៃចុះកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។ ប៉ុន្តែ តំណាងកម្មករចាត់ទុកការស្នើសុំបន្ថយថ្ងៃឈប់សម្រាកបន្ថែមទៀត គឺជាការប្រឆាំងនឹងប្រយោជន៍កម្មករ។

នៅក្នុងសន្និសីទកាសែត នាទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃព្រហស្បត្តិ៏នេះ លោកឧកញ៉ា បណ្ឌិត ណាង សុធី អគ្គលេខាធិការនៃសភាពាណិជ្ជកម្មកម្ពុជា និងជាតំណាងនិយោជក បានស្វាគមន៏ចំពោះការកាត់ថ្ងៃឈប់ សំរាកពី២៨ថ្ងៃ មកត្រឹម២២ថ្ងៃ ដែលជួយបង្កើនផលិតភាពកម្ពុជាកាន់តែច្រើន និងការប្រកួតប្រជែង។ លោក បណ្ឌិត ណាង សុធី អគ្គលេខាធិការនៃសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា និយោជកសំណូមពរ ក៏ដូចជាស្នើឲ្យរដ្ឋាភិបាលពិចារណា កាត់បន្ថយថ្ងៃឈប់សម្រាកចំនួន៤ថ្ងៃបន្ថែមទៀត ឬមកត្រឹម១៨ថ្ងៃប៉ុណ្ណោះ។ ការស្នើសុំនេះ ដោយសំអាងថាប្រទេសជាសមាជិកអាស៊ានផ្សេងទៀតមានថ្ងៃឈប់សម្រាកជា មធ្យមត្រឹមតែ១៦ថ្ងៃ ហើយកម្ពុជាមាន២២ថ្ងៃ បើតាមអនុក្រឹត្យថ្មី។

លោកថា ក្នុងប្រទេសឧស្សាហកម្ម ការប្រកួតប្រជែងទៅលើផលិតភាពនេះ គឺពិតជាមានភាពចាំបាច់ណាស់ សម្រាប់ប្រកួតប្រជែង និងដណ្តើមទីផ្សារអន្តរជាតិបានច្រើន។ ប៉ុន្តែលោកឧកញ្ញ៉ា បានកត់សំគាល់ថា ចំនួនឈប់សំរាកប្រចាំឆ្នាំកាត់មកត្រឹម២២ថ្ងៃនេះ តែមានចំនួនច្រើនបើធៀបទៅនឹងតំបន់អាស៊ាន និងពិភពលោក។ លោកស្នើឲ្យរាជរដ្ឋាភិបាលពិ ចារណាកាត់ចំនួន៤ថ្ងៃបន្ថែមទៀត ដើម្បីឲ្យចំនួនថ្ងៃឈប់សំរាកកាន់តែតិចជាងមុន។

លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានឲ្យដឹងថា ក្នុង នាមជាតំណាងសហជីព លោកមើលឃើញថា ការកាត់ថ្ងៃឈប់សំរាកមានភាពវិជ្ជមានច្រើនសម្រាប់និយោជក និងទាក់ទាញវិនិយោគ។ ទោះយ៉ាងណា ការកាត់ចំនួនថ្ងៃឈប់សំរាកនេះ ក៏បានធ្វើឲ្យខាតបង់ប្រយោជន៏មួយចំនួន សម្រាប់កម្មករ។ លោក សោម អូន បានកត់សំគាល់ថា កម្មករ មិនបានព្រួយ បារម្ភខ្លាំងចំពោះការខាតបង់ថ្ងៃឈប់សំរាកទេ ប៉ុន្តែបារម្ភខ្លាំងបំផុត គឺប្រាក់ឈ្នួលអាប្បបរមា សេវាបសស និងប្រាក់អតីតភាពការងាររបស់ពួកគាត់។

យោងតាមអនុក្រឹត្យ ចុះថ្ងៃទី២ ខែសីហា ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២០ មានថ្ងៃឈប់សម្រាកតែ២២ថ្ងៃប៉ុណ្ណោះ ដោយបានកាត់បន្ថយចំនួន៦ថ្ងៃ។ ក្នុងអនុក្រិត្យបានកាត់ បន្ថយ២ថ្ងៃ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រខ្មែរពោលឈប់សម្រាកនៅសល់តែមួយថ្ងៃ។ ក្នុងនោះក៏មានពិធីបុណ្យជាតិ និងអន្តរជាតិចំនួន៥ផ្សេងទៀត រួមមាន៖ ពិធីបុណ្យមាឃបូជា, ទិវាជាតិនៃការចងចាំ, ទិវាកុមារអន្តរជាតិ, ទិវារំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស, និងទិវាសិទ្ធិមនុស្ស ១០ធ្នូ៕