សម្តេចស ខេង បញ្ជាឲ្យបង្កកទ្រព្យសម្បត្តិអ្នកជួញដូរមនុស្ស និងជួញដូរឈើខុសច្បាប់

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យសមត្ថកិច្ចជំនាញធ្វើការបង្កកទ្រព្យសម្បត្តិរបស់ឧក្រិដ្ឋជនដែលសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងការកាប់ឈើខុសច្បាប់។

សម្តេចក្រឡាហោម ស ខេង បានថ្លែងបែបនេះ នៅក្នុងវេទិកាជាតិ អន្តរសាសនានៅកម្ពុជាលើកទី៣ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រកាលពីថ្ងៃពុធ សប្តាហ៍នេះ ដែលមានការចូលរួមពីមន្ត្រីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រសួងធម្មការ និងសាសនា និងអង្គការការីតាសកម្ពុជា ថ្នាក់ដឹកនាំ សាសនារួមមាន ព្រះពុទ្ធសាសនា អ៊ិស្លាមសាសនា កាតូលិក និងគ្រិស្តបរិស័ទ និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការងារប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្សនៅកម្ពុជា ។

សម្តេច ស ខេង ថ្លែងថា អ្នករកស៊ីជួញដូរមនុស្សមិនមែនអ្នកក្រទេ គឺអ្នកមានលុយ អ្នកមានទ្រព្យសម្បត្តិ ប៉ុន្តែលោភលន់ មិនចេះចប់មិនចេះហើយ ដោយប្រើមធ្យោបាយទៅបោកបញ្ឆោតអ្នកដែលគ្មានលទ្ធភាព អ្នកដែលគ្មានការចេះដឹង គ្មានការអប់រំ ឬជីវភាពខ្សត់ខ្សោយ ។សម្តេច ក៏បញ្ជាឲ្យសមត្ថកិច្ចធ្វើការ បង្កកទ្រព្យសម្បត្តិឧក្រិដ្ឋជនដែលបានប្រព្រឹត្តអំពើជួញដូរមនុស្ស និងអ្នកពាក់ព័ន្ធ នឹងកាប់ឈើខុសច្បាប់ផងដែរ។

សម្តេច ស ខេង ថ្លែងថា «ការជួញដូរគ្រឿងញៀនក្តី ការជួញដូរមនុស្សក្តី ការរកស៊ីឈើខុសច្បាប់ ក្តី បើយើងគ្រាន់តែចាប់បានមក យកមនុស្សហ្នឹងទៅកាត់ទោស ប៉ុន្តែគេនៅអាចចរាចរណ៍លុយនោះបាន ដោយសារយើងអត់មានបង្កកទុក គឺវាអត់មានប្រយោជន៍ទេ»៕