សម្ដេច ហេង សំរិន អះអាងថា កម្ពុជាអនុវត្តន៍ពេញលេញលើប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស

ភ្ន៎ពេញ : សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាបានអះអាងប្រាប់ឯកឧត្តម ហៃដិហិសា ហូរីនូជិ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាចប់អាណត្តិ ដែលបានចូលជួបសម្ដែងការគួរសម និងជម្រាបលាសម្តេចនា ព្រឹកថ្ងៃទី១៩ សីហានេះថា កម្ពុជាអនុវត្តន៍ពេញលេញលើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងបានសម្តែងនូវ ការពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយគ្នាយ៉ាងល្អរវាង កម្ពុជា និងជប៉ុនផងដែរ។

នៅក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុនបានបញ្ជាក់ថា សម្ដេចប្រធានរដ្ឋសភាកម្ពុជាមានតួនាទីយ៉ាង សំខាន់ក្នុងការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ឲ្យ កាន់តែរឹងមាំ ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានភាពល្អប្រសើរលើគ្រប់វិស័យ និងថាឯកឧត្តម មានការពេញចិត្តចំពោះចំណងការទូតដ៏ល្អប្រពៃជាមួយគ្នាអស់រយៈពេលជាង៦៥ឆ្នាំមកនេះ ដោយចាប់តាំងពី ឆ្នាំ២០១៣មក វឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ ត្រូវបានថ្នាក់ដឹកនាំប្រទេសទាំងពីរ រួមគ្នា លើកកំពស់អោយទៅជាភាពជាដៃគូយុទ្ធសាស្រ្ត ហើយអត្ថន័យ និងខ្លឹមសារនៃចំណងការទូតនេះ ត្រូវបានអនុវត្ត យ៉ាងសកម្ម និងផុលផុសនៅគ្រប់កម្រិតគ្រប់វិស័យ ព្រមទាំងបានប្រែក្លាយទៅជាផលប្រយោជន៍ជាក់ស្តែងយ៉ាង ច្រើនដល់ពលរដ្ឋកម្ពុជា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានប្រសាសន៍ថា រយៈពេល៣ឆ្នាំនៃបេសកកម្មការទូតនៅកម្ពុជា ឯកឧត្តមទូតពិតជាបានបង្កើតនូវចំណុចគួរឲ្យកត់សំគាល់នៅក្នុងចំណោមសកម្មភាពលេចធ្លោជាច្រើនក្នុងនោះមាន ការកើនឡើងនៃទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ ការបង្កើតការិយាល័យកុងស៊ុលជប៉ុន នៅខេត្តសៀមរាប ការរៀបចំប្រារព្ធខួប៦៥ឆ្នាំ នៃចំណងការទូតប្រទេសទាំងពីរ និងការលើកកំពស់កិច្ចសហប្រតិបត្តិការរវាងជប៉ុន និង ប្រទេសអនុតំបន់មេគង្គឲ្យឈានកំរិតភាពជាដៃគូយុទ្ធសាស្រ្ត។ សម្តេចជឿជាក់ថា ៣ឆ្នាំ នៃបេសកកម្មការទូតនៅ កម្ពុជា ឯកឧត្តមពិតជាបានឃើញផ្ទាល់ភ្នែកនូវជីវភាពកាន់តែប្រសើរឡើងរបស់ពលរដ្ឋកម្ពុជា លើដំណើរការសង្គម ប្រជាធិបតេយ្យដ៏វែងឆ្ងាយមួយ ដែលកម្ពុជាបេ្តជ្ញាយ៉ាងមុតមាំ គោរពគោលការណ៍ប្រជាធិបតេយ្យ និងប្រព័ន្ធ ពហុបក្សនិយមនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន៕