ជប៉ុន កំពុងស្វែងយល់ពីកត្តាមួយចំនួនដើម្បីជួយអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា

ភ្នំពេញ ៖ ជប៉ុន ជជាប្រទេសដ៏ធំមួយ ដែលបានផ្តល់ជំនួយមកដល់ក្នុងប្រទេសកម្ពុជា ទាំងជំនួយឥតសំណង និងកម្ចីឥណទានសប្បទាន ដើម្បីចូលរួមកសាង ស្តារ និងអភិវឌ្ឍន័ ទៅលើវិស័យអាទិភាពជាច្រើន ដែលក្នុងនោះមានដូចជា៖ វិស័យអប់រំ កសិកម្ម ទេសចរណ៍ វប្បធម៌ វិនិយោគ ពាណិជ្ជកម្ម និងការកសាងហេដ្ឋរចនាសម្ព័ន្ធជាដើម។

ចំណែកនៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការរបស់អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន នៅក្នុងប្រទេសកម្ពុជា ឯណេះវិញ ជប៉ុនក៏កំពុងពិនិត្យទៅលើសក្តានុពល នៃវិស័យកសិកម្មនៅតាមបណ្តាខេត្តមួយចំនួនដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់បន្ថែមទៀតពីតម្រូវការចាំបាច់ក្នុងវិស័យ ដើម្បីឈានទៅពិនិត្យមើលថាតើត្រូវជួយអភិវឌ្ឍន៍វិស័យនេះតាមរបៀបណា។

នេះបើតាម អ្នកនាំពាក្សក្រសួងការបរទេសកម្ពុជាថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្រោយជំនួយពិភាក្សាគ្នា រវាង លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងឯកឧត្តម ណូរីកាហ្សូ ស៊ូហ្សុយគី អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ទទួលបន្ទុកកិច្ចការសភា កាលពីរសៀលថ្ងៃទី២១ ខែសីហានេះ នៅទីស្តីការក្រសួង។

​លោក កេត សោផាន់ បានឱ្យដឹងទៀតថា ក្រៅពីការងារសំខាន់ៗខាងលើនេះហើយឯកឧត្តម អនុរដ្ឋមន្រ្តីការបរទេសជប៉ុន ក៏គ្រោងនឹងជួយជាមួយយុវជន ដែលជាអ្នកនយោបាយវ័យក្មេងកម្ពុជា ដែលកន្លងមកធ្លាប់បានទៅដកស្រង់បទពិសោធន៍ អំពី ប្រជាធិបតេយ្យនៅក្នុងប្រទេសជប៉ុន តាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុនប្រមាណជា៣០នាក់ ដែលពួកគេបង្ហាញអំពីឆន្ទះ ក្នុងការចូលរួមកសាងអនាគតកម្ពុជា ឱ្យកាន់តែមានភាពរុងរឿងថែមទៀតនាពេលអនាគត។

ក្រៅពីនេះ អនុរដ្ឋមន្រ្តីជប៉ុន ក៏បានសម្តែងនូវសេចក្តីរីករាយ ដែលព្រះករុណា ព្រះបាទសម្តេចព្រះបារមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហរទ័យ នឹងយាងចូលរួម ក្នុងពិធីគ្រងរាជ របស់អធិរាជជប៉ុន នៅក្នុងខែតុលាខាងមុខនេះផងដែរ។
ជាការឆ្លើយតប លោក ប្រាក់ សុខុន បានសម្តែងនូវសេចក្តីរីករាយ ដែលព្រះមហាក្សត្រកម្ពុជាសព្វព្រះរាជហរទ័យ យាងចូលរួមក្នុងពិធីគ្រងរាជរបស់អធិរាជជប៉ុន ដែលនេះបង្ហាញថា ព្រះករុណាផ្តល់នូវសារៈសំខាន់យ៉ាងខ្លាំង ដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាង ប្រទេសទាំងពីកម្ពុជា-ជប៉ុន ទាំងក្នុងពេលកន្លងមក បច្ចុប្បន្ន និងទៅអនាគត។

ជាមួយគ្នានោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានសម្តែងនូវការគាំទ្រ ចំពោះគំនិតផ្តួចផ្តើម ដែលបង្កើតឱ្យមានការជួបជុំគ្នារវាងអ្នកនយោបាយវ័យក្មេង គឺមិនត្រឹមតែជាការដកបទពិសោធន៍ នៃដំណើរការប្រជាធិបតេយ្យនៅប្រទេសជប៉ុននោះទេ ប៉ុន្តែជាឱកាសក្នុងការស្គាល់គ្នា និងបង្កើតនូវ វប្បធម៌យោគយល់គ្នាមួយបន្ថែមទៀត ព្រោះតម្លៃនៃប្រជាធិបេត្យ គឺជាការផ្តល់នូវការគោរពគំនិតរវាងគ្នានិងគ្នា ក្នុងន័យពង្រឹងលំហរប្រជាធិបតេយ្យ ក៏ដូចជានយោបាយនៅកម្ពុជា ដែលកម្ពុជាបានឆ្លើយតបយ៉ាងពេញលេញទៅនិងកង្វល់នៃអ្នកនយោបាយ ទៅតាមអ្វីដែលកម្ពុជា បាប្រកាសកាលពីពេលកន្លងទៅ ស្តីពី វិធានការនានា ក្នុងការពង្រឹងលំហនយោបាយនៅកម្ពុជា ផងដែរ៕