បរទេស ៖ លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអមេរិក បាននិយាយថា លោកជឿជាក់ថា ប្រទេសចិនចង់បានកិច្ចព្រម ព្រៀងពាណិជ្ជកម្មមួយ បន្ទាប់ពីបានទាក់ទងមន្រ្តីពាណិជ្ជកម្ម សហរដ្ឋអាមេរិក ដើម្បីប្រាប់ថា ប្រទេសចិន ចង់វិលត្រឡប់ទៅកាន់តុចរចាវិញ។
អ្នកចរចានាំមុខរបស់ប្រទេសចិន ដែលកំពុងស្ថិតក្នុងកិច្ចពិភាក្សាពាណិជ្ជកម្មជាមួយ សហរដ្ឋអាមេរិក បាននិយាយថា ទីក្រុងប៉េកាំងមានឆន្ទៈ ក្នុងការដោះស្រាយជម្លោះពាណិជ្ជកម្មរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក តាមរយះការចរចារដោយស្ងប់ស្ងាត់ និងបានជំទាស់នឹងការកើនឡើងជម្លោះ។
ថ្លែងនៅខាងក្រៅកិច្ចប្រជុំកំពូល G7 នៅទីក្រុង បៃរីតស៍ ប្រទេសបារាំង លោកត្រាំ បានកោតសរសើរ ប្រធានាធិបតីចិន លោកស៊ី ជីនពីង ថាជាមេដឹកនាំដ៏អស្ចារ្យ ហើយបាន និយាយថាការរំពឹងទុកនៃកិច្ចពិភាក្សា គឺជាការអភិវឌ្ឍវិជ្ជមាន សម្រាប់ពិភពលោក។ លោកបាននិយាយថា ប្រទេសទាំងពីរ នឹងចាប់ផ្តើមកិច្ចចចារ ក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ថា សង្គ្រាមពាណិជ្ជកម្មកាន់តែកើនឡើងខ្លាំង រវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីរ នៅលើពិភពលោក ដោយសារភាគីទាំងពីរ បានបង្កើនពន្ធ លើការនាំចេញរបស់គ្នាទៅវិញទៅមក។ មុនពេលលោកត្រាំ បានថ្លែងបែបនេះ ទីផ្សារភាគហ៊ុនសកលបានធ្លាក់ចុះ ខណៈដែលរូបិយប័ណ្ណយ័នរបស់ចិនបានធ្លាក់ចុះដល់កំរិតទាបក្នុងរយៈពេល ១១ ឆ្នាំកន្លងមកនេះ៕