ភ្នំពេញ ៖ ក្នុងពិធីសង្ឃសន្និបាតរាជធានីភ្នំពេញនៅវត្តលង្កាព្រះកុសុមារាមព្រឹកថ្ងៃទី២៨ ខែសីហានេះ លោកជំទាវ ទូច សារុំ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ បានជម្រុញឱ្យព្រះសង្ឃទាំងអស់អង្គគោរពឱ្យបាននូវវិន័យសង្ឃ ដើម្បីបានជាការលើកតម្លៃព្រះពុទ្ធសាសនានៅ កម្ពុជាដែលពលរដ្ឋខ្មែរបានគោរពប្រណិបត្តិអស់កាលដ៏យូរលង់ណាស់មកហើយនោះឱ្យបានស្ថិតស្ថេរគង់វង្ស និង រីកចំរើនតទៅមុខបន្ថែមទៀត។
លោកជំទាវ ទូច សារុំ មានប្រសាសន៍ថា ក្រសួងធម្មការ និងសាសនា ពិតជាបានយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះរាល់បណ្តាសាសនាដែលមាននៅកម្ពុជា តែព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋត្រូវបានពង្រឹងឱ្យមាន ភាពរឹងមាំ តាមរយៈការកសាងនូវសមិទ្ធផលជាច្រើនដែលមានការចូលរួមពីប្រជាពុទ្ធបរិស័ទ។ ដូច្នេះព្រះសង្ឃដែល ជាភេទអ្នកបួស តោងគោរពប្រណិបត្តិឱ្យបានល្អចំពោះធម្មវិន័យនៃព្រះពុទ្ធសាសនា។
ដោយឡែកសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះមេគណរាជធានីភ្នំពេញមានថេរដិកាថា សូមរួមគ្នាធ្វើ អ្វីៗឱ្យមានផលល្អចំពោះព្រះពុទ្ធសាសនា កុំធ្វើឱ្យព្រះពុទ្ធសាសនានៅកម្ពុជាមានភាពធាក់ថយឱ្យសោះ នោះគឺការ គោរពឱ្យបានមាំទាំចំពោះវិន័យនៃព្រះពុទ្ធសាសនា។ សម្តេចបានគូសបញ្ជាក់ថា កាលពីសម័យ ៣ឆ្នាំ ៨ខែ និង២០ ថ្ងៃ ព្រះពុទ្ធសាសនាពិតជាបានវិនាសហិនហោចទៅហើយក៏ពិតមែន តែនៅក្រោយរបបឥតសាសនាមួយនេះត្រូវ ដួលរលំអ្វីៗត្រូវបានស្តារឡើងវិញ ក្នុងនោះក៏មានវិស័យព្រះពុទ្ធសាសនាផងដែរ ហើយវិស័យមួយនេះបានដើរតួ នាទីយ៉ាងសំខាន់ក្នុងការជួយដល់សង្គមកម្ពុជាតាំងតែពីដើម រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ ដូចនេះ ទាំងព្រះ សង្ឃ ទាំងពុទ្ធបរិស័ទ ចាំបាច់ត្រូវមានការរួបរួមគ្នានៅជុំវិញព្រះពុទ្ធសាសនា ជាពិសេសព្រះសង្ឃដែលមានភេទអ្នក បួសត្រូវគោរពឱ្យខាងតែបាននូវវិន័យព្រះពុទ្ធសាសនា ជៀសវាងការប្រព្រឹត្តនូវអំពើឆ្គាំឆ្គងណាមួយដែលនាំឱ្យ ស្រអាប់ដល់តម្លៃព្រះពុទ្ធសាសនា។
ក្នុងពិធីនេះសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ក៏បានលើកឡើងពីករណីដែលកើតមានឡើងដដែលជា ដដែលនូវជនក្លែងបន្លំធ្វើជាព្រះសង្ឃ គ្រងស្បង់ចីវដើរបិណ្ឌបាតដោយខុសច្បាប់ ក៏ដូចជាក្រុមអ្នកដើររៃអង្គាសពាស វាលពាសកាល ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះតម្លៃព្រះពុទ្ធសាសនាផង និងប៉ះពាល់ដល់តម្លៃជាតិនៃ កម្ពុជាផង ហើយបើទោះបីជាយើងបានខិតខំទប់ស្កាត់យ៉ាងក្តី ក៏ករណីដ៏គួរឱ្យអៀនខ្មាសមួយនេះនៅតែកើតមាន ដដែលជាដដែល ដែលបង្កឡើងដោយក្រុមជនមិនខ្លាចបាប និងមិនខ្មាសបាប៕