អាជ្ញាធរបន្តឲ្យកម្មករ កម្មការិនី ជិះរថយន្តក្រុង និងកាណូតរបស់រដ្ឋរយៈពេលពីរឆ្នាំទៀត

ភ្នំពេញ ៖ កម្មករ កម្មការិនី អាចជិះរថយន្តក្រុង និងកាណូតសាធារណៈដោយឥតគិតថ្លៃ រយៈពេល២ឆ្នាំទៀត គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ថា រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបន្តមិនយកកម្រៃសេវាចំពោះបងប្អូនកម្មករ-កម្មការិនីទាំងអស់ដែលធ្វើដំណើរតាមរថយន្តក្រុង និងកាណូតសាធារណៈ របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រយៈពេល២ឆ្នាំបន្តទៀត ដោយគិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ដោយគ្រាន់តែបង្ហាញកាតធ្វើការងារទៅភ្នាក់ងារបម្រើសេវារបស់រដ្ឋាករនឹងទទួលបានសេវានេះភ្លាម។

សេចក្តីជូនដំណឹងរដ្ឋបាលរាជធានីភ្នំពេញឲ្យដឹងទៀតថា ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាជួយសម្រួលដល់ការចំណាយក្នុងការធ្វើដំណើររបស់បងប្អូនកម្មករ-កម្មការិនីនោះ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី បានអនុញ្ញាតជាគោលការណ៍ឱ្យរដ្ឋបាលរាជធានីភ្នំពេញបន្តមិនយកកម្រៃសេវា ចំពោះបងប្អូនកម្មករ-កម្មការិនីទាំងអស់ដែលធ្វើដំណើរតាមរថយន្តក្រុង និងកាណូតសាធារណៈ របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រយៈពេល០២ឆ្នាំបន្តទៀត ដោយគិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ដោយគ្រាន់តែបង្ហាញកាតធ្វើការងារទៅភ្នាក់ងារបម្រើសេវារបស់រដ្ឋាករ នឹងទទួលបានសេវានេះភ្លាម ។

រយៈពេល២ឆ្នាំហើយ ដែលរាជរដ្ឋាភិបាល មិនបានយកកម្រៃពីកម្មករ-កម្មការិនី ចំពោះការធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ ពោលគឺតាំងតែពីខែកញ្ញា ឆ្នាំ២០១៧ មក។ នៅខែកញ្ញា ឆ្នាំ២០១៩នេះ កាលកំណត់មិនយកកម្រៃសេវារថយន្តក្រុង និងកាណូតសាធារណៈ សម្រាប់កម្មករ-កម្មការិនី នឹងបញ្ចប់ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា ប្រកាសបន្តសុពលភាពនេះរយៈពេល២ឆ្នាំទៀត៕