ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ និងលោកជំទាវ បានមកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃទី២ កញ្ញា នេះ ដើម្បីផ្តើមទស្សកិច្ចផ្លូវការរយៈពេលបីថ្ងៃនៅកម្ពុជា។ តាមការគ្រោងទុកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ហើយគ្រោងនឹងចុះហត្ថលេខាលើឯកសារមួយចំនួនផងដែរ។
អញ្ជើញទទួលដំណើរដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានវត្តមានលោក អូស្មាន់ ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ តាមការគ្រោងទុកនៅរសៀលថ្ងៃទី០២ ខែកញ្ញា លោក មហាធា មហាម៉ាត់ បានអញ្ជើញធ្វើបឋកថាស្តីអំពី«ការរក្សាតុល្យភាពទំនាក់ទំនងជាមួយមហាអំណាចក្នុងបរិបទអាស៊ាន» នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោក មហាធៀ មហាម៉ាត់ ធ្លាប់ធ្វើមកបាឋកថាម្តងរួចហើយនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីខែកុម្ភៈ ឆ្នាំ ២០០៦ ក្រោមប្រធានបទក្រោមប្រធានបទ«ជោគជ័យនៃសេដ្ឋកិច្ចម៉ាឡេស៊ី ដោយយកគំរូតាមជប៉ុន»។
តាមការគ្រោងទុក ក្នុងដំណើរទស្សនកិច្ចជាផ្លូវការរយៈពេល៣ថ្ងៃក្នុងប្រទេសកម្ពុជា លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងត្រូវប្រារព្ធពិធីទទួលជាផ្លូវការនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣ ខែកញ្ញា រួមជាមួយការជួបចរចាទ្វេរភាគីជាមួយ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទៅលើកិច្ចសហប្រតិបត្តិការទ្វេភាគីបញ្ហាតំបន់ បញ្ហាសកលជាដើម។ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏នឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួននិងធ្វើការប្រកាសព័ត៌មានរួមគ្នា។
ដំណើរទស្សនកិច្ចមកកម្ពុជារបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីពេលនេះគឺជាទស្សនកិច្ចលើកដំបូង ចាប់តាំងពី លោក មហាធាបានជាប់ឆ្នោតឡើងវិញ ហើយបានចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាថ្មីកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨។ លោក មហាធៀ មហាម៉ាត់ ក៏គ្រោងនឹងចូលជួបពិភាក្សាការងារជាមួយសម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី សម្តេច ហេង សំរិន ប្រធានរដ្ឋសភានិងអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា។
សូមជម្រាបដែរថា កម្ពុជា និងម៉ាឡេស៊ី បានភ្ជាប់ទំនាក់ទំនងការទូតនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៥៧។ តែនៅក្នុងពេលកម្ពុជាជួបវិបត្តិដោយភ្លើងសង្គ្រាមពីឆ្នាំ១៩៦៩ ដល់ឆ្នាំ១៩៧៥ ប្រទេសទាំងពីររក្សាចំណងការទូត នៅត្រឹមកម្រិតភារធារីស្តីទីមាននិវេសនដ្ឋាននៅទីក្រុងប៉េកាំង។ កម្ពុជា និងម៉ាឡេស៊ី បានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩១៕