អាជ្ញាធរខេត្តកំពង់ចាម ចុះពិនិត្យការដ្ឋានសាងសង់ស្ពានបេតុង១កន្លែង ក្នុងស្រុកកំពង់សៀម

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមដំណើរជាមួយ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងមន្រ្ដីបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៣ កញ្ញា ២០១៩នេះ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្ពានបេតុង ១កន្លែង ស្ថិតនៅក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

គួរបញ្ជាក់ផងដែរថា ដោយសារតែស្ពានដែកហាន់ជ័យបានសាងសង់ឡើងកាលពីឆ្នាំ២០០០ មានសភាពចាស់ទ្រុឌទ្រោមខ្លាំងមិនអាចឲ្យរថយន្តធុនធំឆ្លងកាត់បាន ដូច្នេះក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានស្នើសុំគោលការណ៍ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបានសាងសង់ស្ពានបេតុងថ្មីប្រវែង១២៦ម៉ែត្រ ទទឹង១០ម៉ែត្រ កំពស់អតិប្បរិមា១២,៦០ម៉ែត្រ និងស្ថាបនាផ្លូវបេតុងប្រវែង ៥៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ។ ដោយសំណង់ស្ពាននេះបានចាប់ផ្ដើមសាងសង់ឡើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលជាការប្រើប្រាស់កញ្ចប់ថវិកាជាតិ ជាគម្រោងអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងឆ្នាំ២០១៨។ រហូតមកដល់ពេលនេះលទ្ធផលសម្រេចបានប្រមាណជា៤៥% ហើយ ហើយគម្រោងនេះនឹងសាងសង់ឲ្យរួចរាល់នៅអំឡុងចុងឆ្នាំ២០១៩ ខាងមុខនេះ។

ឆ្លៀតក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់ស្ពាននេះ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ សូមឲ្យចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស ដេីម្បីឲ្យដំណើរការសាងសង់ស្ពាននេះបានល្អ និងបានផ្ដាំផ្ញើដល់មន្រ្ដីបច្ចេកទេសឲ្យអនុវត្តឲ្យបានត្រឹមត្រូវតាមគំនូសប្លង់ និងតាមលក្ខណៈបច្ចេកទេស ដើម្បីធានាទាំងគុណភាព និងសោភ័ណ្ឌភាពផងដែរ ។

បន្ទាប់មក លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីរាជការ កងកម្លាំង អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពបាក់ច្រាំងទន្លេ និងជួយរុះរើផ្ទះប្រជាពលរដ្ឋ នៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម។ ដែលរងផលប៉ះពាល់ដល់លំនៅឋានបងប្អូនប្រជាពលរដ្ឋចំនួន៣៦គ្រួសារ និងត្រូវរុះរើផ្ទះបន្ទាន់ចំនួន៨គ្រួសារ ដេីម្បីទៅរកកន្លែងមានសុវត្ថិភាព ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភនូវថវិកា និងសម្ភារះមួយចំនួន ព្រមទាំងបានធ្វើការណែនាំដល់មន្ត្រីអាជ្ញាធរពាក់ព័ន្ធ ត្រូវជួយតាមដានស្ថានភាព នៃការបាក់ច្រាំងទន្លេនេះជាប្រចាំ ដើម្បីមានវិធានការជួយសង្រ្គោះទាន់ពេលវេលាផងដែរ ៕ ដោយ ៖ សុផល