សមត្ថកិច្ចចុះឃាត់ខ្លួនជនជាតិចិនទាំងយប់ នៅក្នុងកាស៊ីណូ យីហោ មេចេស្ទី

ខេត្តព្រះសីហនុ៖ ជនជាតិចិនចំនួន ៧២ នាក់ ដែលជាជនសង្ស័យនិងជនជាតិចិនប្រមាណជាង ១០ នាក់ទៀត ដែលសង្ស័យថាជាជនរងគ្រោះ នាយប់ថ្ងៃទី ៧ ខែកញ្ញាឆ្នាំ ២០១៩ នេះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បញ្ជូនខ្លួនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរព័ត៌មាន បន្ទាប់ពីសមត្ថកិច្ចធ្វើការឆែកឆេរ នៅក្នុងកាស៊ីណូមួយកន្លែង យីហោ មេចេស្ទី ទីតាំងស្ថិតនៅភូមិ ៣ សង្កាត់លេខ ៣ ក្រុងនិងខេត្តព្រះសីហនុ។

ជុំវិញការឃាត់ខ្លួនជនជាតិចិន ថ្ងៃទី ៧ កញ្ញាឆ្នាំ ត្រូវបានសមត្ថកិច្ច ប៉ូលីស បង្ហើបឲ្យដឹងថា បន្ទាប់ពីមានការបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ជូនណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌ បានដឹកនាំកម្លាំងចុះទៅដល់ ទីតាំងកាសុីណូ មេចេស្ទី ស្ថិតនៅភូមិ ៣ សង្កាត់លេខ ៣ ក្រុងនិងខេត្តព្រះសីហនុ ដើម្បីអន្តរាគមន៍ ក្រោយពីមានសេចក្កីរាយការណ៍ពីប្រជាពលរដ្ឋ ថាមានជនជាតិជនជាតិចិនពីរក្រុម បានវាយតប់គ្នា នៅខាងមុខកាស៊ីណូ រួចមក។

ប្រភពសមត្ថកិច្ចដដែលបានបង្ហើបបន្តទៀតថាក្រោយពីសមត្ថកិច្ចចុះដល់ទីតាំងកើតហេតុ សមត្ថកិច្ចបានធ្វើការ ឆែកឆេរ និងសួរនាំ រួចមកសមត្ថកិច្ច បានរកឃើញ នៅក្នុងកាស៊ីណូ មានទុកអាវុធ ខ្លីចំនួន ១ ដើម និងប្រអប់កំភ្លើង ចំនួន ៣ រួមជាមួយជនជាតិចិនចំនួន ៤ នាក់ដែលត្រូវបានបុគ្គលិកកាស៊ីណូវាយខ្នោះ បង្ខាំងនៅក្នុងបន្ទប់ ប៉ុន្តែករណីនេះ គេពុំទាន់ដឹងថា ជាករណីអ្វីពិតប្រាកដនោះទេ។

បន្ទាប់ពីធ្វើការត្រួតពិនិត្យ និងឆែកឆេរនៅក្នុងកាស៊ីណូរួចហើយ ជនជាតិចិន ដែលជាប់ពាក់ព័ន្ធ ដែលជាជនបង្ក ចំនួន ៧ នាក់ រួមជាមួយ និងជនពាក់ព័ន្ធដទៃទៀត ប្រមាណជាង ១០ នាក់ កំពុងត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួន មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បី សាកសួរ និងកសាងនីតិវិធី អនុវត្តទៅតាមផ្លូវច្បាប់៕ ដោយ ៖ មនោរាហ៍