ខេត្តកណ្តាល ÷សាឡង់ដឹកខ្សាច់មួយគ្រឿង បានគៀបជាប់សសរ បង្គោលកណ្តាលរបស់ស្ពានព្រែកតាមាក់ នៃទន្លេមេគង្គ ដោយសារចរន្តទឹកហូរបុកកួចខ្លាំង ហើយសាឡង់ផ្ទុកខ្សាច់មានទម្ងន់ធ្ងន់ មិនអាចបញ្ជាគ្រប់គ្រងបាន។ ករណីនេះ បណ្តាលឱ្យគ្រោះថ្នាក់មនុស្សទេ ប៉ុន្តែអាចទទួលរងផលប៉ៈពាល់ខូចខាត នេះបើតាមការវាយតម្លៃជំហានដំបូង។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង២រសៀល ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩។
សមត្ថកិច្ចបានឱ្យដឹងថា សាឡង់ដឹកខ្សាច់ខាងលើ ម្ចាស់អាជីវកម្មឈ្មោះ ចាន់ ណា ភេទប្រុស ជនជាតិខ្មែរអាយុ ៦១ ឆ្នាំ ទីលំនៅផ្ទះលេខ17AE1E0 ផ្លូវជាតិលេខ៥ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានចេញមុខមកទទួលខុសត្រូវ។ ចំណែកអ្នកបើកបរ សាឡង់ បានលោតទឹក ហើយត្រូវបានប្រជាពលរដ្ឋ ជួយស្រង់សង្គ្រោះយកឡើងគោក តែបន្ទាប់មកបានគេចខ្លួនបាត់ ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា នៅវេលាកើតហេតុខាងលើ មានសាឡង់ដឹកខ្សាច់មួយគ្រឿងពាក់ស្លាកលេខ ភ.ព ៨២ ៦៣ ធ្វើដំណើរ ពីជើងទៅត្បូងគោលបំណងឆ្លងកាត់ក្រោមស្ពាន តែពេលមកដល់ចំណុចកើតហេតុ បានបើកបរមកបុកប៉ៈ សសរស្ពានផ្នែកកណ្ដាលហើយគៀបជាប់នឹងសសរស្ពាន ខណៈចរន្តទឹកហូរបុកកួចខ្លាំង ហើយសាឡង់ផ្ទុកដោយខ្សាច់មានទម្ងន់ធ្ងន់ ។ តែយ៉ាងណាក៏ដោយ សមត្ថកិច្ចមិនបានបញ្ជាក់លម្អិតពីទម្ងន់ចំណុះរបស់សាឡង់ដឹកខ្សាច់នោះទេ។
ករណីនេះកម្លាំងជំនាញខេត្ត ស្រុក ប៉ុស្តិ៍រដ្ឋបាល និងអាជ្ញាធរមូលដ្ឋានអភិបាលខេត្តស្រុក កំពុងរកដំណោះស្រាយ ជាមួយម្ចាស់អាជីវកម្មខ្សាច់ ដើម្បីបញ្ជៀស ការប៉ៈពាល់ការខូចខាត និងរកវិធីទាញអូសក្បាលសាឡង់ ចេញពីចន្លោះសសរស្ពាន។
សូមបញ្ជាក់ថា ស្ពានព្រែកតាមាក់ ស្ថិតនៅចម្ងាយប្រមាណ ៤០គ.ម ភាគខាងជើងរាជធានីភ្នំពេញ ដែលបានផ្ដល់ការតភ្ជាប់រវាងច្រាំងខាងកើត និងច្រាំងខាងលិចនៃទន្លេមេគង្គ។ ស្ពាន ព្រែកតាមាក់មានប្រវែង សរុប១.០៦០ម៉ែត្រ និងទទឹងប្រវែង ១៣,៥ ម៉ែត្រ ជាមួយនឹងល្បឿនអតិបរមា ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ការសាងសង់ស្ពាននេះ បានចំណាយថវិកាប្រមាណ ៤៣,៥លានដុល្លារ ក្រោមជំនួយប្រាក់កម្ចីរបស់ប្រទេសចិន និងបានដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០១០ កន្លងទៅ៕