១១កញ្ញា កាលពី១៨ឆ្នាំមុន ជាថ្ងៃយន្ដហោះបុកកម្ទេចអគារពាណិជ្ជភ្លោះនៅ​ទីក្រុងញូវយ៉ក

បរទេស ៖ ថ្ងៃទី១១ ខែកញ្ញា នេះ កាលពី១៨ឆ្នាំមុនគឺជាថ្ងៃនៃព្រឹត្ដិការណ៍ក្នុងប្រវត្ដិសាស្ដ្ររបស់អាមេរិក ដែលអគារពាណិជ្ជកម្មភ្លោះពិភពលោក ស្ថិតក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិក ត្រូវបានយន្ដហោះបុកកម្ទេច ។ ការវាយប្រហារកាលនោះ គឺជាផែនការរបស់ក្រុមភេរវករអាល់កៃដា ដែលចង់បង្កមហន្ដរាយដល់អាមេរិក។

គេនៅចាំបានថា នៅថ្ងៃកើតហេតុ យន្តហោះដឹកអ្នកដំណើរ៤គ្រឿង ដែលគ្រោងចាកចេញពីអាកាសយានដ្ឋាននៅភាគឦសានសហរដ្ឋអាមេរិកឆ្ពោះទៅរដ្ឋCalifornia ត្រូវបានក្រុមអាល់កៃដាមានគ្នា១៩នាក់ប្លន់ ក្នុងគោលដៅបើកបុកអគារសំខាន់ៗនៅអាមេរិក។ ក្នុងចំណោមយន្តហោះទាំងនោះ មានយន្តហោះពីរគ្រឿងគឺប្រភេទAmerican Airlines Flight 11 និងប្រភេទUnited Airlines Flight 175 បានបើកបុកផ្នែកខាងជើង និងខាងត្បូងនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ក្នុងទីក្រុងញូវយ៉ក តែម្ដង ដោយយន្ដហោះទីមួយហោះបុកអគារនៅម៉ោង៨និង៤៦នាទីព្រឹក និងយន្ដហោះទីពីរហោះបុកអគារនៅម៉ោង ៩និង០៣នាទីព្រឹកម៉ោងក្នុងតំបន់។

ក្រោយត្រូវយន្ដហោះបុកទម្លុះ រយៈពេល១ម៉ោងនិង៤២នាទី អគារពាណិជ្ជកម្មភ្លោះទាំងពីរដែលមានកម្ពស់១១០ជាន់ ត្រូវរលំខ្ទេចខ្ទីឆេះរាលដាលដល់អគារសំខាន់ៗនៅជិតនោះផងដែរ។ ជាលទ្ធផលមនុស្ស២,៩៩៧នាក់ត្រូវស្លាប់ ក្នុងនោះមានទាំងក្រុមចោប្លន់យន្ដហោះ១៩នាក់ និងរបួសជាង៦ពាន់នាក់។ ការខូចខាតគិតជាទឹកប្រាក់វិញ មានយ៉ាងតិចណាស់១០ពាន់លានដុល្លារអាមេរិក៕

ការសង្ស័យបានធ្លាក់ទៅលើក្រុមអាល់កៃដាយ៉ាងឆាប់រហ័ស ហើយអាមេរិកបានឆ្លើយតបចំពោះសកម្មភាពបុកកម្ទេចអគារពាណិជ្ជកម្មភ្លោះ តាមរយៈការចាប់ផ្ដើមធ្វើសង្គ្រាមប្រឆាំងភេរវកម្ម និងបានលុកលុយចូលប្រទេសអាហ្វហ្គានីស្ថាន ដើម្បីកម្ចាត់ក្រុមតាលីបង់បង្កើតឡើងជាក្រុមអាល់កៃដា។ ប្រទេសជាច្រើនទៀតបានពង្រឹងច្បាប់ប្រឆាំងភេរវកម្មកាន់តែខ្លាំងជាងមុន ការពារការវាយប្រហារដោយសកម្មភាពភេរវកម្ម។

ហេតុការណ៍នេះទោះបីដំបូងឡើយមេដឹកនាំក្រុមអាល់កៃដា លោកអូសាម៉ា ប៊ីនឡាដិនបដិសេធមិនពាក់ព័ន្ធក៏ដោយ ប៉ុន្ដែនៅឆ្នាំ២០០៤លោកបានអះអាងទទួលខុសត្រូវ។ បន្ទាប់ពីសារភាពបែបនេះហើយ មិនថាខំរត់គេចបែបណាក៏ដោយ លោកអូសាម៉ា ប៊ីនឡាដិននៅទីបំផុតត្រូវចាប់ខ្លួនបាន និងត្រូវសមាជិកយោធាអាមេរិកសម្លាប់នៅខែឧសភាឆ្នាំ២០១១។ តែទម្រាំចាប់ខ្លួនបាន អាមេរិកត្រូវចំណាយពេលប្រមាណជា១០ឆ្នាំ៕