ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានច្រាលចោលចំពោះការរិះគន់របស់សកម្មគណបក្សប្រឆាំងដែលថា កម្ពុជាមិនមានលទ្ធភាពបង្កើតការងារក្នុងស្រុក ទើបបញ្ជូនពលករចំណាកស្រុកទៅប្រទេសដទៃ។ តាមរយៈការពលករចំណាកស្រុកនោះហើយ ដែលពលករអាចរកចំណូលជាង២ពាន់ដុល្លារអាមេរិក ផ្ញើមកក្នុងស្រុក និងបានធ្វើឲ្យកំរិតជីវភាពពលរដ្ឋល្អប្រសើរ។
ការបញ្ជូនពលករកម្ពុជា ទៅក្រៅប្រទេស ដូចជាប្រទេសថៃ កូរ៉េខាងត្បូង និងបណ្តាប្រទេសដទៃទៀត បានផ្តល់ចំណូលជាច្រើនសម្រាប់លើកកំពស់ជីវភាពពលរដ្ឋនៅក្នុងស្រុក តាមរយៈការផ្ញើប្រាក់ពីក្រៅប្រទេសមកក្រុមគ្រួសារ។ ក្នុងមួយឆ្នាំៗ ពលករចំណាកស្រុកបានផ្ញើរប្រាក់មកក្រុមគ្រួសារក្នុងស្រុក មិនតិចជាង២ពាន់៣រយលានដុល្លារអាមេរិកនោះទេ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានច្រាលចោលការរិះគន់ថា រាជរដ្ឋាភិបាលមិនមានលទ្ធភាពដើម្បីបង្កើត ការងារនៅក្នុងស្រុកបាន ទើបបញ្ជូនពលករនៅក្រៅប្រទសធ្វើជាអ្នកបំរើគេ។ យ៉ាងណាសម្តេចតេជោ បានអះអាងថា ទីផ្សារការងារនៅកម្ពុជាបច្ចុប្បន្នកាន់តែមានច្រើន ឯអត្រាការងារធ្វើរបស់ប្រជាពលរដ្ឋខ្មែរជាង៩៩,៣% និងអត្រាអត់ការងារធ្វើមានតែ០,៧%ប៉ុណ្ណោះ នៃកម្លាំងពលកម្មសរុបជិត១០លាននាក់។
នៅកម្ពុជាកាលដែលរាជរដ្ឋាភិបាល ស្វែងរកឱកាសការងារធ្វើ ដូចជានៅកូរ៉េខាងត្បូង ថា បញ្ជូនទៅពលរដ្ឋទៅធ្វើខ្ញុំគេ។ យើងដាក់ជាសំណួរ ថា តើបើមិនធ្វើការទេ តើយើងបានលុយពីណាអាចរស់បាន។ ប៉ុន្តែពួកគេបាន ប្រែក្លាយបញ្ហា ការធ្វើចំណាកស្រុកទៅរកការងារធ្វើក្រៅប្រទេស វាទៅជាយើងមិនអាចដោះស្រាយបញ្ហាការងារឲ្យពលរដ្ឋខ្លួនឯងបាន ឲ្យពលរដ្ឋខ្លួនឯងធ្វើចំណាកស្រុកទៅរកការងារធ្វើក្រៅប្រទេស។ ការរកការងារធ្វើក្រៅប្រទេស ជាក្របខណ្ឌនៃកិច្ចខិតខំរបស់អាស៊ាន ដូចជាហ្វីលីពីន ដែលមានពលករច្រើនជាងគេនៅទៅខាងក្រៅ។
គួរកត់សំគាល់ដែរថា កាលពី៤ រឺ៥ឆ្នាំមុន លោកស្រី អង់សាន ស៊ូជី ពេលជួបពលកររបស់ខ្លួននៅប្រទេសថៃ បានធ្វើការអំពាវនាវឲ្យពលករមីយ៉ាន់ម៉ា វិលត្រលប់ទៅធ្វើការងារនៅប្រទេសរបស់ខ្លួនវិញ គ្រាដែលរដ្ឋបាលលោកស្រីនឹងបង្កើតការងារធ្វើជាច្រើនកន្លែងសម្រាប់ទទួលពលករចំណាកស្រុក។ ប៉ុន្តែការអំពាវនាវនោះបានបរាជ័យ មិនត្រឹមតែកាត់បន្ថយចំណាកស្រុកទៅថៃ ទេ ។
បើតាមសម្តេច កម្ពុជាកំពុងយកចិត្តទុកដាក់ចំពោះសិទ្ធិពលករក្នុងស្រុក និងក្រៅស្រុកកាន់ប្រសើរឡើង។ ក្រសួងការងារ បានដាក់ឲ្យដំណើរការប្រព័ន្ធ សុវត្ថិភាពសង្គម តាមរយៈការពិនិត្យ ព្យាបាលសម្រាប់ពលករពីក្រៅប្រទេស ដោយឥតបង់ប្រាក់ថែមទៀតផង។ កម្ពុជា បានដាក់ឱ្យដំណើរការនូវរបបហានិភ័យការងារ ថែទាំសុខភាព និងសោធននិវត្តន៍ ដែលគ្របដណ្តប់លើសហគ្រាស គ្រឹះស្ថាន ផ្នែកផលិតកម្ម ផ្នែកសេវាកម្ម និងផ្នែកសាធារណៈ ស្ទើរតែ១០០% នៃកម្មករនិយោជិត និងមន្រ្តីសាធារណៈ។ ទន្ទឹមនឹងនេះ កម្ពុជាកំពុងរៀបចំ និងដាក់ឱ្យអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គមនៅឆ្នាំ២០១៩នេះ ដើម្បីពង្រីកវិសាលភាពបន្ថែមដល់ប្រជាពលរដ្ឋដែលប្រកបរបរស្វ័យនិយោជន៍ និងពលករទេសន្តរប្រវេសន៍ផងដែរ៕