រដ្ឋសភាកម្ពុជា នឹងចូលរួមកិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប លើកទី៤ នៅសាធារណរដ្ឋកាហ្សាក់ស្ថាន

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោក Nurlan Nigmatulin ប្រធានរដ្ឋសភានៃសាធារណរដ្ឋកាហ្សាក់ស្ថាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុបលើកទី៤ នៅសាធារណរដ្ឋកាហ្សាក់ស្ថានពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមមូលបទ “ឧត្តមភាពកាន់តែខ្ពង់ខ្ពស់សម្រាប់តំបន់យូរ៉ាស៊ា : កិច្ចសន្ទនា ទំនុកចិត្តនិងភាពជាដៃគូ”។

សូមជម្រាបជូនថា កិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប បានផ្តួចផ្តើមបង្កើតឱ្យមានឡើងដោយសភា ឌូម៉ា នៃសហព័ន្ធរុស្ស៊ី និងរដ្ឋសភាសាធារណរដ្ឋកូរ៉េ ដែលវាបានក្លាយជាវេទិកាអន្តរសភាដ៏មានសារៈសំខាន់មួយ សម្រាប់ការពិភាក្សាលើប្រធានបទនៃកិច្ចសហប្រតិបត្តិការរវាងតំណាងប្រជាពលរដ្ឋក្នុងតំបន់អាស៊ី និងអឺរ៉ុប ដើម្បី ផ្លាស់ប្តូរទស្សនៈយោបល់ក្នុងការការពារផលប្រយោជន៍នៃការអភិវឌ្ឍប្រកបដោយចីរភាព និងសុខុមាលភាពសង្គម នៅក្នុងតំបន់ក៏ដូចជាពិភពលោកទាំងមូល។

បើតាមអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជាបានឱ្យដឹងថា នៅក្នុងអំឡុងពេលនៃការចូលរួមកិច្ចប្រជុំកម្រិត ប្រធានសភាអាស៊ី-អឺរ៉ុបលើកទី៤ នៅសាធារណរដ្ឋកាហ្សាក់ស្ថាននេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយសមភាគី ប្រធានរដ្ឋសភានៃសាធារណរដ្ឋកាហ្សាក់ ស្ថាន ប្រធានសភាពិគ្រោះយោបល់នៃសាធារណរដ្ឋអឺស្លាមអឺរ៉ង់ និងគ្រោងជួបជាមួយសមភាគីសភាចិន រុស្ស៊ី និងសាធារណរដ្ឋកូរ៉េផងដែរ។ កិច្ចប្រជុំនេះ នឹងមានការចូលរួមពីសភាតំបន់អាស៊ី និងអឺរ៉ុបប្រមាណជា ៦០ប្រទេស និងអង្គការសង្កេតការណ៍អន្តរជាតិធំៗប្រមាណ ៩អង្គការ ដែលក្នុងនោះជាប្រធានសភាមានជាង ៤០ប្រទេស។

គួររំលឹកថា កិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប លើកទី១ បានប្រារព្ធធ្វើឡើងនៅប្រទេសរុស្ស៊ី ក្នុង ឆ្នាំ២០១៦ លើកទី២ ធ្វើឡើងនៅសាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំ២០១៧ និងលើកទី៣ ធ្វើឡើងនៅប្រទេសទួរគី ក្នុងឆ្នាំ២០១៨ ៕