ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រឹកថ្ងៃទី១៩ ខែកញ្ញា នេះ បានដឹកនាំកិច្ចប្រជុំគណៈ កម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដើម្បីពិនិត្យទៅលើរបៀបវារៈសំខាន់ៗចំនួន៣។
បើតាមការបញ្ជាក់របស់ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាឱ្យដឹងថា របៀបវារៈទាំង៣នោះ រួមមាន៖(១).សំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពី
ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច, (២).សំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះ រាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី ការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យ។
ត្រង់បញ្ហានេះអគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង មានប្រសាសន៍ថា វាជាការសំខាន់ខ្លាំងណាស់ សម្រាប់កម្ពុជា និងបណ្តាប្រទេសនានានៅទូទាំងពិភពលោក ព្រោះថាប្រទេសណាមួយក៏ត្រូវការនូវថាមពលអគ្គិស នី សម្រាប់មកប្រើប្រាស់ដែរ ព្រោះវាជាការចាំបាច់ដោយមិនអាចខ្វះបាន ហើយថា ថាមពលព្រះអាទិត្យវិញ វារឹតតែ សំខាន់ខ្លាំងណាស់សម្រាប់ការប្រើប្រាស់ និងការកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន ព្រោះថាមពលអគ្គិសនីដែល បានមកពីព្រះអាទិត្យ គឺជាថាមពលស្អាត មិនបង្កផលប៉ះពាល់ដល់បរិស្ថានអ្វីសូម្បីតែបន្តិច។
ដោយឡែកចំពោះរបៀបវារៈទី៣ គឺសេចក្តីព្រាងរបាយការណ៍ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី២ និង លើកទី៣ នីតិកាលទី៦ ហើយបើតាម លោក ឡេង ប៉េងឡុង ថា រដ្ឋសភានឹងបញ្ចប់វិសមកាលរយៈពេល៣ខែ របស់ខ្លួននៅដំណាច់ខែកញ្ញានេះ ដោយក្នុងរយៈពេល៣ខែនេះអ្នកតំណាងរាស្ត្រគ្រប់រាជធានី/ខេត្តបានចុះមូលដ្ឋាន
ជួប និងជួយប្រជាពលរដ្ឋលើការងារជាច្រើន ហើយរដ្ឋសភានឹងវិលចូលមកវិញ ដោយគ្រោងនឹងបន្តសម័យប្រជុំ របស់ខ្លួននៅក្នុងដើមខែតុលា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីពិភាក្សា និងអនុម័តទៅលើរបៀបវារៈដែលគណៈកម្មាធិ ការអចិន្ត្រៃយ៍រដ្ឋសភាបានប្រជុំ ពិនិត្យកាលពីព្រឹកមិញនេះ៕