ភ្នំពេញ ៖សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ដ្ឋសភាកម្ពុជា អញ្ជើញដល់សាធារណរដ្ឋកាហ្សាក់ស្ថានដោយសុវត្ថិភាព នៅវេលាម៉ោង ២១ និង៤០នាទី រាត្រី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីចូលរួមកិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុបលើកទី៤។
កិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុបលើកទី៤ ត្រូវចាប់ផ្តើមដំណើរការពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានប្រតិភូថ្នាក់ដឹកនាំសភាក្នុងតំបន់ទំាងពីរ ប្រមាណ ៦០ប្រទេសចូលរួម ព្រមទំាងមានវត្តមាន អង្គការអន្តរជាតិ និងអន្តរសភាជាច្រើនទៀត សម្តេចប្រធានរដ្ឋសភានឹងអញ្ជើញឡើងថ្លែងសុន្ទរកថាទៅកាន់កិច្ច ប្រជុំផងដែរ។ ជាមួយគ្នានេះកំឡុងពេលចូលរួមកិច្ចប្រជុំនេះ សម្តេចគ្រោងជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធាន រដ្ឋសភានៃប្រទេសមួយចំនួន ប្រយោជន៍ដើម្បីពង្រឹងពង្រីកវិស័យការទូតសភា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការ រឹតចំណងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសជាមិត្ត ទំាងក្នុងក្របខណ្ឌទ្វេភាគី និងពហុ ភាគី។
សូមជម្រាបថា៖ កិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប បានផ្តួចផ្តើមបង្កើតឡើងដោយសភាឌូម៉ាសហព័ន្ធ រុស្ស៊ី និងរដ្ឋសភាសាធារណរដ្ឋកូរ៉េ គឺជាវេទិកាអន្តរសភាដ៏មានសារៈសំខាន់ ដែលថ្នាក់ដឹកនាំសភាទាំងពីរតំបន់ ជួបពិភាក្សាលើប្រធានបទសំខាន់ៗក្នុងការដោះស្រាយបញ្ហារួម បង្កើនកិច្ចសហប្រតិបត្តិការរវាងតំណាងប្រជាពល រដ្ឋក្នុងតំបន់អាស៊ី និងអឺរ៉ុប ផ្លាស់ប្តូរទស្សនៈយោបល់ ក្នុងការការពារផលប្រយោជន៍នៃការអភិវឌ្ឍប្រកបដោយ ចីរភាព និងសុខុមាលភាពសង្គមនៅក្នុងតំបន់ក៏ដូចជាពិភពលោកទំាងមូល៕