ភ្នំពេញ ៖ ឯកអគ្គរាជទូតថ្មីរបស់ប្រទេសជប៉ុន ប្រចាំប្រទេសកម្ពុជា បានសម្តែងនូវការកោតសរសើរ ចំពោះកម្ពុជា ក្រោយពីឆ្លងកាត់នូវការលំបាកជាច្រើនឆ្នាំ ហើយសម្រេចបាននូវការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសធ្វើឱ្យប្រទេសមានស្ថេរភាពនយោបាយដូចបច្ចុប្បន្ននេះ។
ថ្លែងនៅចំពោះមុខ លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំរាជធានីភ្នំពេញ បានកោតសរសើរប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដែលធ្លាប់ឆ្លងកាត់ការលំបាកជាច្រើន ហើយសម្រេចបាននូវវឌ្ឍនភាព គួរឱ្យស្ងប់ស្ងែង។ការកោតសរសើរនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលប្រមុខការទូតកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ការបរទេសកម្ពុជា។
លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ប្រាប់អ្នកព័ត៌មាន នៅក្រោយជំនួបនោះថា លោកឯកអគ្គរដ្ឋទូតថ្មី បានសម្តែងនូវភាពស្ញប់ស្ញែង ដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍទាំង សេដ្ឋកិច្ច និងនយោបាយ បន្ទាប់ពីប្រទេសមួយនេះ បានឆ្លងកាត់ការលំបាកនានា នៅក្នុងប្រវត្តិសាស្ត្រ ហើយសម្រេចបាននូវលទ្ធផលក្នុងកម្រិតមួយដូចពេលបច្ចុប្បន្ននេះ ហើយបានសម្តែងការអបអរសាទរ ចំពោះការអភិវឌ្ឍទាំងនេះ។
តបនឹងការលើកឡើង របស់ភាគីជប៉ុន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែគាំទ្រ ដល់ដំណើរការអភិវឌ្ឍ ចាប់ផ្តើមតាំងពីដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា រហូតដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងនយោបាយនៅកម្ពុជាដូចបច្ចប្បន្ននេះ។ មិត្តភក្តិជប៉ុន ដែលធ្លាប់ឆ្លងកាត់សង្រ្គាមដូចគ្នា បានយល់ច្បាស់ពីការលំបាករបស់កម្ពុជានាពេលកន្លងមក។
ប្រមុខការទូតបានក៏បានជម្រាបទៅឯកអគ្គរាជទូតជប៉ុនទៀតថា បច្ចុប្បន្ននេះ ប្រជាជនកម្ពុជាកំពុងតែទទួលបាន នូវសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយ ហើយទិដ្ឋភាពនេះកើតឡើង តាមរយៈការឆ្លុះបញ្ចាំង នៃការបោះឆ្នោត កាលពីឆ្នាំ២០១៨ ដែលប្រជាពលរដ្ឋ ៨៣.២ភាគរយ បានអញ្ជើញទៅបោះឆ្នោត ដោយមាន៧៧ភាគរយ បានគាំទ្រដល់កម្មវិធីនយោបាយ និងកម្មវិធីអភិវឌ្ឍន៍របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេស។ នេះមានន័យថា គឺជាការបដិសេធ ពីការអំពាវនាវរបស់អតីតបក្សប្រឆាំង ដែលថាឱ្យប្រជាពលរដ្ឋ ធ្វើពហិការមិនទៅបោះឆ្នោត៕