ខេត្តស្វាយរៀង ៖ មានមនុស្ស៦នាក់ បានរងរបួសធ្ងន់ស្រាល ខណៈដែលបាញ់កាំជ្រួច ដើម្បីបូជាសពខុសបច្ចេកទេស ផ្ទុះឆេះត្រូវមនុស្ស បង្កឲ្យមានការភ្ញាក់ផ្អើល កាលពី វេលា ម៉ោង៦និង៤០នាទីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្ទះ របស់ឈ្មោះទេព សុង ភេទស្រី ស្ថិតក្នុងភូមិត្បែង ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចស្រុកស្វាយទាប បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានពិធីបូជាសពនៅផ្ទះឈ្មោះ ទេព សុង ភេទស្រី រស់នៅភូមិឃុំខាងលើ ហើយនៅពិធីបូជាសព ក៏មានដាក់មេន និងដុតកាំជ្រួច ខណៈដែលកំពុងតែបូជាសពនោះ ក៏ដុតកាំជ្រួចឡើង ស្រាប់តែដួលកាណុងជ័របាញ់កាំជ្រួច បណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ស្រាល មនុស្ស៦នាក់រួមមាន៖
ទី១- ឈ្មោះ សារុន សំណាង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិឬស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
ទី២- ឈ្មោះឆាយ សូវ៉ាត ភេទប្រុស អាយុ៤២ឆ្នាំ,
ទី៣- ឈ្នាន់ សុរ៉ាវី ភេទប្រុស,
ទី៤- ឈ្មោះ មិន សាវ៉ាន់ ភេទប្រុស អាយុ៤៨ឆ្នាំ,
ទី៥- ឈ្មោះ គង់ សាខឿន ភេទប្រុស អាយុ៥១ឆ្នាំ,
ទី៦- ឈ្មោះ ប៉ែង គួ ភេទប្រុស អ្នកទាំង៥នាក់ រស់នៅភូមិត្បែង ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បច្ចុប្បន្ន ជនរងគ្រោះទាំងអស់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ បង្អែកខេត្តស្វាយរៀង។ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ មកពីម្ចាស់ដុតកាំជ្រួច ជីកដីដាក់បង្គោលរាក់ បណ្តាលឲ្យដួល និងបែកកាណុងជ័រ ផ្ទុះតែម្តង៕